រឿងរ៉ាវតារា

បទ​ចម្រៀងមិនទាន់​ចេញ​របស់ Jackson ត្រូវ​គេលួច​

Hacker ជនជាតិ​អង់គ្លេស​ពី​រ​នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​លួច​យក​បទ​ចម្រៀង​ច្រើន​ជាង ៥ម៉ឺន​បទ ពី​ Sony Music ដែល​ក្នុង​នោះ​ក៏​មាន​បទ​ចម្រៀង​របស់ Michael Jackson ដែល​មិន​ទាន់​ចេញ​ផង​ដែរ​។

សារព័ត៌មាន​ Telegraph បាន​រាយ​ការណ៍​ថា បទ​ចម្រៀង​ទាំង​៥ម៉ឺន​បទ​នោះ ត្រូវ​បាន​ទាញ​យក​ដោយ​ខុស​ច្បាប់​ដោយ​ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់ ដែលមួយ​ចំនួន​នៃ​បទ​ចម្រៀង​ទាំង​នោះ​ គឺ​ជា​របស់​ស្ដេច​ចម្រៀង​ប៉ុប​ដែល​ទទួល​មរណៈ​ភាព Michael Jackson។

ជន​ជាប់​ចោទដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ មាន​ឈ្មោះ​ថា James Marks អាយុ ២៦ឆ្នាំ និង James McCormick អាយុ ២៥ឆ្នាំ។ ពួក​គេ​ទាំង​ពីរ​បាន​បដិសេធ​ថា​មិន​បាន​បំពានច្បាប់​ស្ដី​ពី​កម្មសិទ្ធិបញ្ញា​ដែល​តុលាការ​ចោទ​ប្រកាន់​នោះ​ទេ​។

អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន Sony Music បាន​និយាយ​ថា ពួក hacker ទាំង​ពីរ បាន​ចូល​លុក​លុយ​គេហទំព័រ​របស់​ក្រុមហ៊ុន​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១១ ក្រោយ​ពី​មាន​ការ hack ហ្គេម PlayStation។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពេល​ដែល Michael Jackson បាន​ស្លាប់​កាល​ពី​ឆ្នាំ ២០០៩ នៅ​ក្នុង​អាយុ ៥០ឆ្នាំ ៩ខែ​ក្រោយ​មក ទីភ្នាក់​ងារ​របស់ Jackson បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​ក្រុមហ៊ុន Sony Music ដែល​មាន​តម្លៃ ២៥០លាន​ដុល្លារ ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​លក់​បទ​ចម្រៀង​ទាំង​នោះ​។

ផលិត​កម្ម​កម្ពុជា​-កូរ៉េ ត្រៀម​ចេញ​អាល់​ប៊ុម​ចម្រៀងរួ​ម​គ្នា​លើក​ដំបូង

​​​​​​​​​​​​ តារាចម្រៀងកូរ៉េ

រាជធានី​ភ្នំពេញ ៖​ ក្រុម​ Animation ដែល​ប្រជុំ​ដោយ​ក្រុម​​តន្ត្រី​ Rock របស់​កម្ពុជា​ ហើយ​ដែល​ទើប​នឹង​មាន​វត្ត​មាន​នៅ​លើ​ទី​ផ្សារ​ នឹង​រួម​គ្នា​ជា​មួយ​នាង​ Joy តារា​ចម្រៀង​ដ៏​ល្បី​ល្បាញ​ និងក្រុម​ Rania របស់កូរ៉េ​ ចេញ​អាល់​ប៊ុម​ចម្រៀង​​ជា​លើក​ដំបូង​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ហើយ​វត្ត​មាន​នៃ​អាល់​ប៊ុម​នោះ​នឹង​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​ទី​ផ្សារ​សិល្បៈ​នៅ​កម្ពុជា ។
លោក​​ប៊ុន ជំ​និត អ្នក​គ្រប់​គ្រង​ក្រុម​តន្ត្រី​ Rock និង​ជា​អ្នក​គ្រប់​គ្រង​ក្នុង​ផលិត​កម្ម​ J tone បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ Artift Connection ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ថៃ​នឹង​អញ្ជើញ​ក្រុម​តន្ត្រី Rock របស់​ខ្លួន​ដើម្បី​ចេញ​អាល់​ប៊ុម​រួម​គ្នា​ជា​មួយ​នាង​ Joy សមាជិក​ក្រុម​ RaNia របស់​កូរ៉េ​ សម្រាប់​ដាក់​លក់​លើ​ទី​ផ្សារ​កម្ពុជា​ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ដែល​លោក​គិត​ថា​ ជា​ព័ត៌​មាន​ថ្មី​សម្រាប់​ទី​ផ្សារ​សិល្បៈ​នៅ​កម្ពុជា ។
លោក​ប៊ុន ជំនិត បន្ត​ថា ការ​ត្រៀម​ចេញ​អាល់​ប៊ុម​ថ្មី​រួម​គ្នា​កម្ពុជា​-កូរ៉េ​ នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​មក​ផង​ និង​ដើម្បី​នាំ​នាង​ Joy ដែល​ជា​សមាជិក​ក្រុម​កូរ៉េ​មក​ក្នុង​ទី​ផ្សារ​ប្រទេស​កម្ពុជា​ផង​។ ​ក្រុម​ Animation របស់​យើង​ចូល​ទៅ​ក្នុង​ទី​ផ្សារ​ប្រទេស​ថៃ ឡាវ និង​វៀត​ណាម​ ផង​ដែរ ។ លោក​មាន​ជំនឿ​ថា ក្រោ​យ​ពី​វត្ត​មាន​អាល់​ប៊ុម​ចម្រៀង​រួម​គ្នា​ជា​មួយ​សមាជិក​ក្រុម​កូរ៉េ រួច​ហើយ​នោះ ​ក្រុម​តន្ត្រី​របស់​លោក​ នឹង​ចាប់​ផ្តើម​មាន​កេ​រ្តិ៍​ឈ្មោះ​ល្បី​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​មិន​ខាន ។
នាង ​Joy គឺ​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម RaNia ដែល​ជា​ក្រុម​មួយ​ថ្មី​ និង​កំពុង​មាន​ឈ្មោះ​ល្បី​ល្បាញ​នៅ​កម្ពុជា ។ នាង​ Joy មាន​ឈ្មោះ​ជា​ផ្លូវ​​ការ Jutamas Wichai កើត​នៅ​ថ្ងៃទី​២០ កក្កដា​ ឆ្នាំ​១៩៩០ ជា​​ជន​ជាតិ​ថៃ​ ។ Joy មិន​គ្រាន់​តែ​អាច​និយាយភាសា​ថៃ​បាន​យ៉ាង​ល្អ​នោះ​ទេ តែ​នាង​អាច​និយាយភាសា​កូរ៉េ និង​អង់​គ្លេស​ ចិន និង​ជប៉ុន បាន​ល្អ​ឥត​ខ្ចោះ​ទៀត​ផង ​។ នាង​បាន​បង្ហាញ​បទ​ចម្រៀង​ជា​លើក​ដំបូង​ជា​មួយ​ក្រុម​ RaNia គឺ​បទ Dr.Feel Good ដោយ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ពី​ទស្សនិកជន​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ។​
អាច​ចាត់​ទុក​ថា ជា​លើក​ទី​មួយ​ដែល​ផលិត​កម្ម​កម្ពុជា រួម​គ្នា​ជា​មួយ​កូរ៉េ​ ផលិត​ចេញ​នូវ​អាល់​ប៊ុម​ចម្រៀង​ថ្មី ៕

Lee Hyori បែក​បាក់​ស្នេហា​ជា​មួយ​សង្សារ?

កាល​ពី​ចាប់ផ្ដើម​ស្នេហា​ដំបូងនៃតារា​ចម្រៀង​សិច​ស៊ី សាច់​សខ្ចី Lee Hyori ខ្មែរសារិកា​បាន​ចុះផ្សាយ​ម្ដង​រួច​ហើយ ប៉ុន្ដែ​ពេល​នេះ តើ​ចំណង​ស្នេហា​រវាង​តារា​ចម្រៀង​ និង​អ្នក​សរសេរ​បទ​ចម្រៀង​មួយ​គូ​​នេះ បាន​ប្រេះ​ស្រាំ​ហើយ​មែន​ទេ?

នៅក្នុង​កម្មវិធីទូរទស្សន៍ “Happy Together 3” កាល​ពី​ពេល​ថ្មី​ៗ​នេះ Lee Hyori បាន​ធ្វើ​ឲ្យ​ពិធី​ករ និង​អ្នក​ទស្សនា​ទាំង​អស់​ ស្រឡាំង​កាំង​យ៉ាង​ខ្លាំង ជាមួយ​នឹង​ពាក្យ​សម្ដី​ប្លែក​ៗ​របស់​នាង​។

កំឡុង​ពេល​ថត​កម្មវិធី​នោះ Hyori ត្រូវ​បាន​ពិធីករ​សួរ​អំពី​ទំនាក់​ទំនង​ជាមួយ​សង្សារ តើ​ល្អកម្រិត​ណា​ដែរ ប៉ុន្ដែ​នាង​បាន​ធ្វើ​ឲ្យ​គ្រប់​ៗ​គ្នា​ភ្ញាក់​ផ្អើល​ ជាមួយ​នឹង​ចម្លើយ​ថា នាង​បាន​បែក​បាក់​គ្នា​ហើយ​។

ខណៈ​ពេល​ដែល​ពិធី​ករ និង​ភ្ញៀង​កិត្តិយស​ដែល​ចូល​រួម​ បាន​សម្ដែង​អារម្មណ៍​រន្ធត់​នឹង​ព័ត៌មាន​នេះ នាង Hyori បាន​បន្ថែម​ថា ពួក​គេ​ទាំង​ពីរនៅ​តែ​ជួប​គ្នា​ ទោះ​បី​បែក​គ្នា​ក៏​ដោយ​។ យ៉ាង​ណាមិញ ពាក្យ​ពេចន៍​របស់​តារា​ចម្រៀង​ស្រស់​សោភា​នេះ ហាក់​ដូច​ជា​និយាយ​បែប​កំប្លែង​លេង​សើច ដែល​ធ្វើ​ឲ្យ​គ្រប់​ៗ​គ្នា​រង្វេង​វង្វាន់ មិន​ដឹង​ថា​ការ​ពិត​យ៉ាង​ណា។

មាន​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ខ្លះ បាន​ផ្ដល់​មតិ​ថា Hyori ហាក់​ដូច​ជា​កំពុង​លេង​សើច​ជាមួយ​នឹង​ការ​និយាយ​រឿង​បែក​បាក់ ដោយ​សារ​តែ​នាង​ដឹង​ថា សង្សារ​របស់​នាង​បាន​យល់​ពី​នាង​ច្បាស់ និង​អាច​ទទួល​បាន​នូវ​រាល់​ការ​និយាយ​ស្ដី។

តើ​ប្រិយមិត្ត​ទាំង​អស់​គ្នា​វិញ យល់​យ៉ាង​ណា​ដែរ ចំពោះ​រឿង​នេះ? តើ​នាង​ពិត​ជា​បែ​ក​បាក់​សង្សារ​មែន ឬ​គ្រាន់​តែ​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍?

ចំណាត់​ថ្នាក់​ក្រុម​ចម្រៀង​នារី​របស់​កូរ៉េ​!


ប្រិយមិត្ត​ទាំង​អស់​គ្នា​ បាន​ដឹង​រួច​មកហើយ​ថាក្រុមតារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង​មានច្រើន​ណាស់ ដែល​ក្នុងនោះ ក្រុម​នារី​ហាក់​ដូច​ជា​មាន​សន្ទុះ​ប្រជា​ប្រិយភាព​ខ្លាំង​ជាង​គេ​។ ដោយ​សារ​តែ​មាន​ក្រុម​នារី​ច្រើន​បែប​នេះ​ហើយ ទើប​បណ្ដាញ​សង្គម Netizen របស់​កូរ៉េ​បាន​បង្កើត​ឡើង​នូវ​តារាង​ចំណាត់​ថ្នាក់​ សម្រាប់​ក្រុម​នារី​ទាំង​អស់​នោះ​។

ការ​រៀប​លំដាប់​ថ្នាក់​នេះ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ចូល​ចិត្ដ​ក្រុម​នារី​របស់​កូរ៉េ​។ ទោះបី​ជាយ៉ាង​ណាក្ដី នេះ​មិនមែន​ជា​ចំណាត់​ថ្នាក់​ផ្លូវ​ការ​នោះ​ទេ ពោល​គឺ​គ្រាន់​តែ​ជា​ការ​រៀប​ចំ​ឡើង ដោយ​យោង​ទៅ​តាម​សកម្មភាព​ច្រើន​ ឬ តិច​នៃ​ក្រុម​ចម្រៀង​ទាំង​នោះ​តែ​ប៉ុណ្ណោះ​។

ក្រុម​ដែល​ស្ថិត​នៅ​លើ​គេ​បំផុត គឺ​ក្រុម Girls’ Generation ដោយ​សារ​ក្រុម​នេះ​ បាន​ទទួល​ជោគ​ជ័យ​ខ្លាំង​ទាំង​នៅ​កូរ៉េ ជប៉ុន អឺរ៉ុប និង​អាមេរិក​។ ស្ថិត​នៅ​ក្រោម​ក្រុម Girls’ Generatioin បន្ដិច គឺ​ជា​ក្រុម​ល្បី​មួយ​ទៀត នោះ​គឺ 2NE1 ដែល​ទទួល​ប្រជា​ប្រិយភាព​ខ្លាំង​ទាំង​នៅ​កូរ៉េ និង​នៅ​តំបន់​អឺរ៉ុប។

បន្ទាប់​ពី​ក្រុម​កំពូល​ទាំង​ពីរ​នេះ ក្រុមចំនួន​បី​ផ្សេង​ទៀត បាន​ឈរ​នៅ​បន្ត​បន្ទាប់​គ្នា ដែល​មាន​ដូច​ជា T-ara, Wonder Girls និង KARA ដែល​ក្រុម​ទាំង​បី​នេះ សុទ្ធ​តែ​សកម្ម​ដូច​គ្នា​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នៅ​អាស៊ី ក៏​ដូច​ជា​នៅ​អាមេរិក​។

បន្ទាប់​ពី​នេះ​ទៀត ក្រុម​ដែល​ល្បី​ខ្លាំង​ក្នុង​ប្រទេស​កូរ៉េ ដែល​មាន​ដូច​ជា f(x), miss A, Brown Eyed Girls ក៏​ស្ថិត​នៅប្រកៀកប្រកិត​គ្នា​ផង​ដែរ​។

នៅ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ ក្រុម SISTAR, Secret, After School, និង 4Minute ក៏​ស្ថិតក្នុងបញ្ជី​ចំណាត់​ថ្នាក់​នេះ​ផង​ដែរ ខណៈ​ដែលក្រុម​ថ្មី​ទើប​នឹង​រះ A Pink, Girls’ Day, Rainbow និង Dal Shabet ស្ថិត​នៅ​លំដាប់​ផ្នែក​ខាង​ក្រោម​។

សរុប​មក​វិញ ចំណាត់​ថ្នាក់​ដែល netizens រៀប​ចំមាន​ដូច​ត​ទៅ៖ Girls’ Generation, 2NE1, T-ara, Wonder Girl, KARA,f(x), miss A, Brown Eyed Girls, SISTAR, Secret, After School, 4Minute,A Pink, Girls’ Day, Rainbow និង Dal Shabet។

ចុះ​ចំណែក​ប្រិយមិត្ត​វិញ រៀច​ចំណាត់​ថ្នាក់​នៃ​ក្រុមចម្រៀង​នារី​ទាំង​នេះ​ យ៉ាង​ម៉េច​ដែរ​?

Taylor Swift លេង​ល្បែង​ស្នេហា​ថ្មី​?

កំពូល​តារា​ចម្រៀងបែប​ជន​បទ​ដ៏​ល្បី​ល្បាញ​​ Taylor Swift ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​ដែល​មិនសូវ​ជោគ​ជ័យ​ខាង​ផ្នែក​ស្នេហានោះ ត្រូវ​បាន​បណ្ដាញ​ផ្សព្វផ្សាយ​រក​ឃើញ​ថា​កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​ថ្មី​មួយ​ទៀត​។

តារា​វ័យ២២ឆ្នាំ ត្រូវ​បានទស្សនាវដ្ដី​ US Weekly ចុះផ្សាយ​​ថា​កំពុង​រីក​រាយនឹង​អាហារ​ពេល​ល្ងាច​ជាមួយ​​តារា​ប្រុស Zac Efron នា​ភោជនីយ៍ដ្ឋាន​មួយ​។

យោង​តាម​ប្រភព​របស់​ទស្សនារដ្ដី​និយាយ​ដើម​តារា​នេះ​ដដែល បាន​ឲ្យ​ដឹង​ថា Taylor Swift បាន​ធ្វើ​ដំណើរ​ដល់​ភោជនីយ៍ដ្ឋាន​អ៊ីតាលី​មួយ​ដោយ​ជិះឡាន​ជាមួយ​នឹង Zac Efron ហើយ​ពួក​គេ​ទាំង​ពីរ​បាន​ញ៉ាំ​អាហារ​ពេលល្ងាច​ដ៏​រូមែនទិច និង​មានការ​សន្ទនា​ដ៏​ផ្អែម​ល្ហែម​។

Zac ដែល​ជា​តារា​ចម្រៀង​វ័យ​២៤ឆ្នាំ ធ្លាប់​មាន​ចំណង​ស្នេហា​ជាមួយ​នឹង​តួស្រី​ក្នុ​ង​រឿង High School Musical គឺ​នាង Vanessa Hudgens ប៉ុន្ដែ​បាន​ចែក​ផ្លូវ​គ្នា​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១០។ តារា​រូប​នេះ ក៏​ធ្លាប់​និយាយ​សរសើរ​ថា​ Taylor Swift ជា​នារី​ដ៏​ស្រស់​ស្អាត និងគួរ​ឲ្យស្រលាញ់​ទៀត​ផង​។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ទេ Taylor ក៏​ហាក់ដូច​ជា​ត្រូវ​ដង​ត្រូវ​ផ្លែ​នឹង​ Zac ខ្លាំង​សម្បើម​ដែរ ដោយ​បាន​ដាក់​ងារ​ឲ្យ Zac ថា​ជា​បុរស​ដ៏​អស្ចារ្យ​ម្នាក់​។

ទោះ​បី​ជាមួយ​តារា​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​គេ​សង្ស័យ​យ៉ាង​ខ្លាំង​បែប​នេះ​ក៏​ដោយ ប៉ុន្ដែ​មានប្រភព​ជិត​ស្និទ្ធ​នឹង​ពួក​គេ​បាន​ប្រាប់​ទស្សនាវដ្ដី​តារា​ថា ពួក​គេ​ទាំង​​ពីរ​គ្រាន់​តែ​ជា​មិត្ត​ជិត​ស្និទ្ធ​ប៉ុណ្ណោះ។ ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ពួក​គេ​មក L.A ជា​មួយ​គ្នា​គឺ​ដើម្បី​ធ្វើ​កិច្ច​ការ​រួម​មួយ​ជាមួយ​គ្នា រួច​ក៏​សម្រេច​ចិត្ត​ទៅ​ញ៉ាំ​អាហារ​ល្ងាច​ជាមួយ​គ្នា​។

ឆ្លើយតប​នឹង​ពាក្យ​អេច​អូច​លើ​រូប​នាង​​ តារា​ចម្រៀង​ម្ចាស់​បទ Teardrops On My Guitar រូប​នេះ​ បាន​និយាយ​ថា​នាង​គឺ​នៅលីវ ហើយ​ក៏​មិនចូល​ចិត្ត​ការ​ណាត់​ជួប​ក្នុង​ផ្លូវ​ស្នេហា​អ្វី​នោះ​ដែរ​។ នាង​បាន​បន្ត​ថា អាល់ប៊ុម​ទី​បួន​របស់​នាង នឹង​ធ្វើ​ឲ្យ​នា​ង​រវល់​ខ្លាំង ដូច្នេះ​នាង​មិនធ្វើ​ឲ្យ​ខ្លួន​នាង​ឈឺ​ក្បាល​កាន់​តែ​ខ្លាំង​នោះ​ទេ​។

គួរ​រំលឹកផង​ដែរ​ថា តារា​សាច់​ខ្វី​ល្វក់​នេះ ធ្លាប់មានទំនាក់​ទំនង​ស្នេហា​​ជាមួយ​នឹង Jake Gyllenhaal រយៈ​ពេល​ពីរ​ខែចុង​ឆ្នាំ​២០១០ ហើយ​ក្រៅ​ពី​នេះ នាង​ក៏​ធ្លាប់​ផ្អែម​ល្ហែមជាមួយ​នឹង Joe Jonas, Taylor Lautner និង John Mayer ផង​ដែរ​។ បើ​គិត​លើ​សម្រស់ ភាព​ល្បី​ល្បាញ មិនគួរ​ណា​ Taylor Swift អភ័ព​ស្នេហ៍​បែប​នេះ​ឡើង!

Rain កាត់​សក់​ខ្លី​ពេល​ច្រៀង​លើក​ចុង​ក្រោយ​!​

កាល​ពី​ថ្ងៃ​ទី ៩ តុលា ម្សិលម៉ិញ​នេះ Rain ដែលជា​តារា​ចម្រៀង​រូប​ស្រស់​សង្ហា​ដ៏​ល្បីល្បាញ​លំដាប់ពិភព​លោក បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំ​ទ្រ​ភ្ញាក់​ផ្អើល​មិន​តិច​នោះ​ទេ នៅ​ក្នុង​ការ​សម្ដែង​លើ​ឆាក​តន្រ្ដី​លើក​ចុង​ក្រោយ​របស់​គាត់​។ តារា​រូប​នេះ​បាន​ដូរ​ម៉ូដ​សក់​ថ្មី ពោលគឺ​សក់​ខ្លី នៅក្នុង​ការ​សម្ដែង​មុន​ចូល​ធ្វើ​ទាហាននោះ​។

នៅ​ចំពោះ​មុខ​ក្រុម​អ្នក​គាំ​ទ្រ​ជាង ២ម៉ឺន​នាក់ Rain បាន​សម្ដែង​បទ​ចម្រៀង​ដែល​ល្បី​ៗ​របស់​គាត់ ដូចជា​បទ Hip Song; Touch Ya និងបទ You។ ក្រោយពី​ច្រៀង​ចប់​បទ​ចម្រៀង​ទាំង​បី​បទ​នេះ Rain បាន​រាក់​ទាក់​ក្រុម​អ្នក​គាំ​ទ្រ​ដ៏​សែន​ភ្លូក​ទឹក​ភ្លូក​ដី​នេះ ដោយ​និយាយ​ថា “តើ​សក់​របស់​ខ្ញុំ​ពិត​ជា​ស្អាត​មែន​ទេ? តាម​ពិត​ទៅ​នេះ គឺ​ជា​ម៉ូដ​សក់​ថ្មី​លើក​ដំបូង ​តាំងតែ​ពី​គាត់​រៀន​ថ្នាក់​វិទ្យាល័យ​មក​។

តារា​ល្បី​ដែលស្ថិត​ក្នុង​បេះ​ដូង​យុវវ័យ​​រូប​នេះ បាន​បន្ដ​ថា មាន​មនុស្ស​សំខាន់​ជា​ច្រើន​បាន​ទៅទស្សនា​គាត់​សម្ដែង ដែល​អ្នក​ដែល​សំខាន់​នោះ គឺ​រាល់​អ្នកគាំ​ទ្រ​នេះ​ហើយ​។

នៅ​ក្នុង​ការ​សម្ដែង​នា​យប់​នោះ ក៏​មាន​ការ​ចូលរួម​សម្ដែង​ពី MBLAQ ផង​ដែរ​។

នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ Rain ក៏​បាន​ចូល​រួម​សម្ដែង​នៅ​ក្នុងកម្មវិធី មហោស្រប​ភាព​យន្តក្រុង​ប៊ូសានអន្តរជាតិ​លើក​ទី១៦ ផង​ដែរ ដែលនេះ​ជា​សកម្មភាព​សិល្បៈ​ចុង​ក្រោយហើយ​របស់តារា​រូប​នេះ មុន​ពេលចូល​ធ្វើ​ជា​ទាហាន។

អាល់​ប៊ុមរបស់ Super Junior បំបែក​កំណត់​ត្រា​

Super Junior នៅ​តែ​ជា​ក្រុមតារា​ចម្រៀង​បុរស​​ដែល​លេច​ធ្លោ​ជាង​គេ​ដដែល​ គិត​មក​ទល់​បច្ចុប្បន្ន​នេះ​ ទាំង​នៅ​ប្រទេ​សកូរ៉េ និង​នៅ​ក្រៅ​ប្រទេសកូរ៉េ ដែល​រួម​មាន​កម្ពុជា​យើង​ផង​ដែរ​។ បទ​ចម្រៀង​នីមួយ​ៗ​របស់​ក្រុម​នេះ​ បាន​ទទួល​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ចូល​ចិត្ត​បទ​ចម្រៀង​កូរ៉េ ដែល​បទ​របស់​ពួក​គេ​ភាគ​ច្រើន​ បាន​បង្ហាញមុខ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​ខ្មែរ​យើង​ស្ទើ​គ្មាន​លោះ​ពេល​ដែរ​។

អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុម Super Junior កាន់​តែ​អស្ចារ្យ​នា​ពេល​នេះ​ គឺ​អាល់​ប៊ុម​ថ្មី​របស់​ពួក​គេ​បាន​ក្លាយ​ជា​អាល់​ប៊ុម​ទី​មួយ​នៅ​ក្នុង​ឆ្នាំនេះដែល​លក់​ដាច់​បាន​លើស​ ៣០ម៉ឺន​បន្ទះ​ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​បញ្ចេញ​ឲ្យ​ដឹង​ដោយ​ តារាង​ចំណាត់​ថ្នាក់​បទ​ចម្រៀង Gaon Chart។

អាល់​ប៊ុម​ថ្មី​នេះ​ប្រហែល​ជា​ប្រិយ​មិត្ត​បាន​ស្គាល់ហើយ នោះ​គឺ​អាល់ប៊ុម “Mr. Simple” ។

កាល​ពី​ថ្ងៃទី ៧ តុលា ម្សិលម៉ិញ​នេះ តារាង Gaon Chart បាន​រាយ​ការណ៍​ថា អាល់ប៊ុម Mr. Simple ដែល​ជា​អាល់ប៊ុម​ទី​៥ របស់​ក្រុម​នេះ​ បាន​លក់​ដាច់​អស់​ដល់​ទៅ ៣១៨៦៦៩បន្ទះ​។ បន្ថែម​លើ​នេះទៀត អាល់​ប៊ុម​ Mr. Simple នេះ​ ក៏​ធ្លាប់​បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​ពីរ​ប្រចាំ​ខែ​កញ្ញា​មុនផង​ដែរ ស្រប​ពេល​ដែល​កាល​ពី​ខែ​សីហា​កន្លង​ទៅ អាល់​ប៊ុម​នេះ​ឈរ​នៅ​លេខ​មួយ​។

ទោះ​បី​ជា​ចេញ​រៀង​យូរ​មក​ហើយ​ក៏​ដោយ ក៏​អាល់​ប៊ុម Mr. Simple នេះ​ នៅ​តែ​ជា​មុខ​ព្រួញ​នៃ​ការ​ទិញ​ពី​សំណាក់​អ្នក​គាំ​ទ្រ​ដដែល ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​នេះ បាន​ក្លាយ​ជា​ក្រុម​ទី​មួយ​ប្រចាំ​ឆ្នាំ​ ដែល​អាច​ធ្វើ​បាន​លើស ៣០ម៉ឺន​បន្ទះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​ Super Junior គឺ​ជា​ក្រុម​តារា​ចម្រៀង​បុរស​ដែល​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​លោក​ ដោយ​សារ​តែ​មាន​សមាជិក​ដល់ទៅ ១៣នាក់។ ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​កាល​ពី​ឆ្នាំ​ ២០០៥ ស្ថិត​នៅ​ក្រោម​ផលិត​កម្ម SM Entertainment ហើយ​ការ​បង្កើត​ដំបូង​នា​ពេល​នោះ មាន​សមាជិក​តែ​១២នាក់ទេ គឺ Leeteuk (ប្រធាន​ក្រុម), Heechul, Han Geng, Yesung, Kangin, Shindong, Sungmin, Eunhyuk, Donghae, Siwon, Ryeowook និង Kibum​ បូក​រួម​ជាមួយ​និង​សមាជិក​ចុង​ក្រោយ​ទី​១៣ គឺ Kyuhyun។

Miss A ចេញ​អាល់​ប៊ុម​ជា​ភាសា​ចិន!

នៅ​ទី​បំផុត ក្រុម​តារាច​ម្រៀង​នារី​ល្បី​គួរ​សម​របស់​កូរ៉េ គឺ​ក្រុម miss A បាន​បង្ហាញ​​ស្នាដៃ​របស់​ខ្លួន​ជា​ភាសា​ចិន​ហើយ ដោយ​បាន​បញ្ចេញ​នូវ​អាល់​ប៊ុម​ពិសេស​ជា​លើក​ទី​មួយ​របស់​ពួក​គេ​។

អាល់​ប៊ុម​ពិសេស​នេះ បាន​ត្រូវ​ចេញ​លក់​ទាំង​តាម​អន​ឡាញ និង​តាម​ហាង​ខាង​ក្រៅ​ នៅ​តៃ​វ៉ាន់​ តាំង​តែ​ពី​ថ្ងៃ​ទី ៣០កញ្ញា​ មក​ម្លេះ​។ ខណៈ​ដែលនៅហុង​កុង​បាន​ចេញលក់​តាម​អន​ឡាញ​នៅថ្ងៃ​ដូច​តៃ​វ៉ាន់ ការ​ដាក់​លក់​តាម​ហាង​ នឹង​ត្រូវ​ចេញ​ថ្ងៃ​ណា​មួយ​ក្នុង​ខែ​តុលា​។ សម្រាប់​ប្រទេស​ចិន​វិញ អាល់​ប៊ុម​នេះ នឹង​ត្រូវ​រួច​រាល់​សម្រាប់​ដាក់​លក់​នៅ​ខែ​វិច្ឆិកា​។

អាល់​ប៊ុម​ពិសេស​នេះ​ផង​ដែរ ក៏​នឹង​មាន​ DVD វីដេអូ​បទ​ចម្រៀង ក៏​ដូច​ជា​បទដ៏​ល្បី​ជា​ភាសា​កូរ៉េ​កន្លង​មក យក​មក​ច្រៀង​ជា​ភាសា​ចិន ដែល​រួម​មាន បទ Bad Girl Good Girl, បទ Breathe, បទ Goodbye Baby និងបទ Love Alone។

ក្រុម​ miss A នឹង​រៀប​ចំសន្និសិទ​កាសែត ដើម្បី​អប​អរ​សាទរ​អាល់​ប៊ុម​ថ្មី​នេះ ហើយ​ក៏​នឹង​បង្ហាញមុខ​ក្នុង​កម្មវិធី​ជា​ច្រើន​នៅ​ចុង​ឆ្នាំ​នេះ ដែល​នឹង​ធ្វើ​ឲ្យ​ក្រុម​ក្មេង​ខ្ចី​មួយ​នេះ កាន់​តែ​ល្បីល្បាញ​។

ការ​ផលិត​បទ​ចម្រៀង​ជា​ភាសា​ចិន​នា​ពេល​នេះ នឹង​អាច​ធ្វើ​ឲ្យ miss A ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ជន​ជាតិ​ចិន​ ដោយ​សារ​តែ​ក្នុង​ចំណោម​សមាជិក​ដ៏​ស្រស់​ស្អាត​ទាំង​បួន​នាក់​របស់​ក្រុម​នេះ ក៏​មាន​ជន​ជាតិ​ចិន​ពីរ​នាក់​ផង​ដែរ​ គឺ Fei និង Jia។ បន្ថែម​លើ​នេះ​ទៀត​ ក្រុម​ចម្រៀង​នារី​មួយ​នេះ ក៏​ត្រូវ​បាន​តែង​តាំង​ជា​អ្នក​បង្ហាញ​ម៉ូដ​ឲ្យ Samsung នៅ​ប្រទេស​ចិន​ទៀត​ផង​។

ផលិត​កម្ម AQ Entertainment ដែល​ជា​ទ្រនំ​របស់​ miss A បាន​បញ្ជាក់​ថា បន្ទាប់​ពី​ចេញ​លក់​ជា​ភាសា​ចិន​ ក្រុម miss A នឹង​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ជា​ភាសា​ចិន​ផង​ដែរ ហើយ​ពួក​គេ​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​។

KARA ទទួល​បាន​លេខ​មួយ​នៅជប៉ុន

ក្រុម​តារា​ចម្រៀង​កូរ៉េ​ជា​ច្រើន​តែង​តែ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ក្នុង​ពិភព​ចម្រៀង​នៅ​ក្រៅប្រទេស​ជា​ពិសេស​គឺ​ប្រទេស​ជប៉ុន​។
មិន​ខុស​ពី​ក្រុម​ទាំង​អស់​នោះ​ទេ ក្រុម​តារាចម្រៀង​នារី​ដ៏​ល្បី គឺ​ក្រុម KARA ក៏​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​នៅ​ជប៉ុន​ផង​ដែរ​។

ក្រុម​ដែល​មាន​សមាជិក​៥នាក់​រូប​នេះ​ បាន​លក់​ដាច់​នូវ​អាល់​ប៊ុម​ថ្មីរបស់​ខ្លួន​យ៉ាង​ច្រើន ដែល​ល្ម​ម​ឲ្យ​អាល់​ប៊ុមថ្មី​នេះ​ឈរ​នៅ​លើ​អាល់​ប៊ុម​ចម្រៀង​ជប៉ុន​​ដទៃទៀត​។ នេះមិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​ KARA អាច​ធ្វើ​បាន​ល្អ​បែប​នេះ។ អាល់​ប៊ុម​មុន​របស់​ពួក​គេ គឺអាល់​ប៊ុម​ “Go Go Summer” ក៏បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​មួយ​ផង​ដែរ ទាំង​ប្រចាំ​ថ្ងៃ និង​ចំណាត់​ថ្នាក់​ប្រចាំ​ខែ​។

អាល់ប៊ុម​របស់​ KARA ដែល​ទទួល​ចំណាត់​ថ្នាក់​លេខ​មួយ​នា​ពេល​នេះ គឺ​អាល់​ប៊ុម Step ។ អាល់ប៊ុម​នេះ​បាន​ឈរកំពូល​គេ​លើ​តារាង​ចំណាត់​ថ្នាក់​បទ​ចម្រៀង Recochoku របស់​ជប៉ុន ចាប់​ពី​ថ្ងៃ​ទី ២១ ដល់ ២៧ និង​នៅ​តារាង​ចំណាត់​ថ្នាក់​បទ​ចម្រៀង​ដទៃទៀត​។ មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​តារាង Recochoku ធ្វើ​ឲ្យ​ KARA លេច​ឈ្មោះ​ខ្លាំង​ជាង​តារាង​ដទៃ​ទៀត គឺដោយ​សារ​តែ​បទ​របស់ KARA ក្នុង​តារាង​នេះ គឺ​ជា​បទដែលច្រៀង​ជា​ភាសា​កូរ៉េ ។​ ការ​ដែល​បទ​ចម្រៀង​ដែល​ច្រៀង​ជា​ភាសា​កូរ៉េ​ អាច​ឈរ​នៅ​កំពូល​គេ​នៅ​ក្នុង​ទីផ្សារ​ជប៉ុន​ គឺ​ជា​រឿង​ដែល​អស្ចារ្យ​បំផុត​។ តារា​កូរ៉េ​ជា​ច្រើន​បាន​ច្រៀង​ជា​ភាសា​ជប៉ុនមួយ​ទៀត​ នៅ​ពេល​ពួក​គេ​ចេញ​ជា​អាល់​ប៊ុម​ភាសា​កូរ៉េ ដូច​ជា​ក្រុម SHINee ជាដើម​ ហើយ​អាល់​ប៊ុម​ជា​ភាសា​ជប៉ុន​ទាំង​នោះ​ តែ​ង​តែ​ទទួល​លទ្ធផល​ល្អ​ជា​និច្ច​។

គួរ​បញ្ជាក់​ផង​ដែរ​ថា KARA គឺ​កំពុង​តែរៀប​ចំ​បញ្ចប់​នូវ​ការ​ផ្សព្វ​ផ្សាយ​នៅ​កូរ៉េ ដើម្បី​ចាប់​ផ្ដើម​ការ​ផ្សព្វ​ផ្សាយ​នៅ​ជប៉ុន។ អាល់​ប៊ុម​ទោ​ល​ថ្មី​របស់​​ពួក​គេ​ គឺ​អាល់​ប៊ុម Winter Magic នឹងត្រូវ​ចេញ​លក់​នៅ​ខែ​តុលា​ខាង​មុខ​នេះ​ហើយ​។

Rain ជិត​ចូល​ធ្វើ​ទាហាន​ហើយ​

តារា​ចម្រៀង​រូប​ស្រស់​សង្ហា​ Rain ដែល​ល្បី​មិនចាញ់​តារា​ហូលីវូដនោះ នឹង​ត្រូវ​ចូល​ធ្វើ​ជា​យោធា​របស់​កូរ៉េ នៅ​ថ្ងៃ​ទី ១១ ខែ​តុលា ខាង​មុខ​នេះ​ហើយ ប៉ុន្ដែ​មុន​នឹង​ទៅ​ តារា​សម្បូរ​ស្នេហ៍​រូប​នេះ​ មានគម្រោង​ជា​ច្រើន​ ក្នុង​ការ​ជួប និង​ទំនាក់​ទំនង​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ជាមួយ​នឹង​អ្នក​គាំ​ទ្រ​របស់​គាត់​។

កាល​ពី​ថ្ងៃសុក្រ​​ទី ២៣ ខែ​កញ្ញា​​ម្សិលម៉ិញ​នេះ​ អ្នក​ដំណាង​មក​ពី​ទីភ្នាក់​ងារ​របស់ Rain បាន​បញ្ជាក់​ថា តារា​ល្បី​រូប​នេះ នឹង​មាន​ពេល​វេលា​ដ៏​មហារវល់​ ចាប់ពី​ពេល​នេះ រហូត​ដល់​ពេល​ដែល​គាត់​ត្រូវ​ចូល​ធ្វើ​ទាហាន​។ គាត់​នឹង​មិន​មាន​ពេល​សម្រាក​ទេ​ ក្នុង​ចន្លោះ​ពេល​នេះ ដោយ​សារ​តែ​គាត់​ចង់​ជួយ​អ្នក​គាំទ្រ​របស់​លោក​ដោយ​ផ្ទាល់​ ឲ្យ​បាន​ច្រើន​បំផុត​។

Rain នឹង​ត្រូវ​សម្ដែង​ក្នុង​ការ​ប្រគុំតន្រ្ដី​មួយ​នៅ​ថ្ងៃ​នេះ​តែ​ម្ដង ពោល​គឺ​ថ្ងៃ​២៤ ខែ​កញ្ញា នៅ​សាល​អូឡាំពិក​នៃ​ទីក្រុង​សេអ៊ូល ហើយ​គាត់​ក៏​នឹង​រៀប​ចំ​ការ​ប្រគុំ​តន្រ្ដី​មិន​គិត​ថ្លៃ​សំបុត្រមួយ​នៅ​តាម​ដង​ផ្លូវ​នៃ​តំបន់ Gangnam នៅ​ថ្ងៃ​ទី​៩ ខែ​តុលា​ផង​ដែរ​។

ទីភ្នាក់​ងារ​របស់​ Rain បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​ការ​ប្រគុំ​តន្រ្ដី Rain ក៏​នឹង​មាន​ការ​ថត​ផ្សាយ​ពាណិជ្ជ​កម្ម​ចំនួន​ពីរ​បី​កន្លែង​ផង​ដែរ រួម​នឹង​ការ​ថត​សម្ដែង​ក្នុង​​រឿង Emergency និង​ការ​ថត​បទ​ចម្រៀង​ពី​រ​បី​បទ​ផង​ដែរ​។ តារា​សាច់​ដុំ​រូប​នេះ​ នឹង​មិន​មាន​ពេល​ចូល​រួម​ក្នុង​កម្មវិធី​មហោស្រព​ភាព​យន្ត​ដ៏​ធំប្រចាំ​ឆ្នាំ​បាន​នោះ​ទេ គឺ​កម្មវិធី Busan Film Festival ដោយ​សារ​តែ​គាត់​មាន​កាល​វិភាគ​មមាញឹក​ពេក ដក​ឃ្លា​មិន​រួច​។

ក្រៅ​ពី​នេះ Rain ក៏​បានមាន​គម្រោង​​រៀប​ចំ​កម្មវិធី​សន្និសិទ​សារព័ត៌មាន​សម្រាប់​ការ​ប្រគុំ​តន្រ្ដី​នៅ​ថ្ងៃ​នេះ​ផង​ដែរ ប៉ុន្ដែ​វា​ត្រូវ​រំសាយ​ចោល​វិញ ដោយ​សារ​មាន​ពេល​ខ្លី​ពេក។

និយាយ​ជា​រួម​ទៅ តារា​ល្បីដល់​កំពូល​រូប​នេះ ហាក់​ដូច​ជា​មមាញឹក​ក្រៃ​លែង​ មុន​ពេល​ចាក​ចេញ​ពី​អាជីព​សិល្បៈ​មួយ​រយៈ​ទៅ​បំពេញ​កាតព្វ​កិច្ច​យោធា ដែល​មនុស្ស​ប្រុស​គ្រប់​រូប​មិន​អាច​ចោល​បាន​នោះ​។

តារា​ចម្រៀង និង​តារា​សម្ដែង​រូប​នេះ បាន​ប្រកាស​ពី​ការ​ចូល​ធ្វើទាហាន​របស់​គាត់​តាម​រយៈ​វែប​សាយ​ផ្លូវ​ការ​របស់​គាត់ ដោយ​បាន​សរសេរ​បញ្ជាក់​ថា គាត់​មិន​ប្រាកដ​ថា​នឹង​ត្រូវ​តម្រូវ​ឲ្យ​ទៅធ្វើ​ទាហាន​នៅ​តំបន់​ណា​ទេ​ ប៉ុន្ដែ​នឹង​ដឹង​ចម្លើយ​ពិត​ប្រាកដ​នៅ​ថ្ងៃនេះ​។

Vin Diesel វីរៈបុរសពិត ​ជួយ​គ្រូសារ​មួយ​ចេញពី​ទ្បាន​ដែលកំពុង​ឆេះ


លោក Vin Diesel ពិត​ជា​អ្នក​បើ​ក​ទ្បាន​ដ៏ពូកែ​ម្នាក់ ព្រោះ​ថា​ភាគ​ច្រើន​អ្នក​នឹង​ឃើញ​គាត់​សំដែង​ក្នុង​រឿង Fast and Furious។ នៅ​ក្នុង​រឿង​ Fast and Furious គ្រប់វគ្គ​សុទ្ធ​តែ​មាន​រូប​លោក Vin Diesel ហើយ​គាត់​បាន​ថត​ឈុត​រន្ធត់ៗ​ជា​ច្រើន​ដែល​សុទ្ធ​សឹង​តែ​ទាក់ទង​ជា​មួយ​នឹង​ទ្បាន​ ជា​ពិសេស​គឺ​ទ្បាន​ប្រណាំង​តែ​ម្តង។

អ្វី​ដែល​អស្ចារ្យ​​សម្រាប់រូប​លោក Vin Diesel ​នោះគឺ ការជួយ​សង្គ្រោះ​គ្រួសារ​មួយ​ចេញពី​ទ្បាន​ដែល​កំពុង​តែ​ឆេះ។ សូមបញ្ជាក់ដែរ​ថា​ការ​ជួយ​លើក​នេះ​មិន​មែនជា​ការ​សំដែង​នៅក្នុង​រឿង​កុន​នោះទេ​ តែ​វាគឺ​​ជា​រឿង​ពិត ហើយ​បើ​គាត់​ធ្វើ​ខុស​នោះ​គឺ​មិន​មាន​លើក​ក្រោយទេ។

ហេតុការណ៍​នេះ​កើត​ទ្បើង​ប្រហែលជា​នៅ​ក្នុង​ឆ្នាំ​ ២០០២ ខណៈ​ពេល​ដែល​គាត់​កំពុង​​តែ​​ជិះ​​ម៉ូតូរបស់គាត់ នៅ​តាម​ផ្លូវ​ ហូលីវូដក្នុង​រដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅពេលនោះដែរ​គាត់បាន​ឃើញ​ទ្បាន​មួយ​បាន​ក្រទ្បាប់​​​ដោយ​​​សារ​​តែ​អ្នក​បើក​បរ​​ បាត់​​ម្ចាស់ការលើ​ខ្លួនឯង​។ ទ្បាន​នោះបាន​ក្រទ្បាប់ ពីរ​បី​តង់​ ហើយ​មាន​អណ្តើ​ត​ភ្លើង​ទៀត​ផង រំពេច​នោះ​លោក​ Vin Diesel បានធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​លឿន​ហើយ ក៏​បញ្ឈប់​ម៉ូតូរបស់គាត់ ហើយ​ក៏​រត់ទៅ​កាន់​ទ្បាន​ដែលកំពុង​តែ​ឆេះ​។ ដោយ​សារ​តែគាត់មានបទពិសោធន៍​ខាង​សំដែង​ទាក់ទង​នឹង​ទ្បាន​ច្រើន​ ទើប​គាត់​ដឹង​ពី​ បច្ចេកទេស​ដើម្បីជួយ​មនុស្ស មុនពេល​ដែលទ្បាន​នោះ​ត្រូវ​ផ្ទុះ។

គាត់ក៏​ដើរ​តម្រង់ទៅ​ទ្បាន​ផ្នែកខាង​ក្រោយ​ជួយរំដោះ​ក្មេង​ពីរ​នាក់​ឲ្យ​ចេញ ពី​ទ្បាន ហើយ​បាន​ប្រាប់ទៅ​អ្នក​បើក​ទ្បាន​ឲ្យ​ព្យាយាម​ចេញពី​កៅអី​ ឲ្យ​មក​កៅអី​ខាង​ក្រោយ​ដើម្បីឲ្យ​គាត់ងាយ​ស្រួល​ទាញ​ចេញ។

ពួកគេទាំងអស់ត្រូវ​បាន​រួច​ផុតពី​គ្រោះថ្នាក់នេះ​ ហើយ​ទ្បាន​នោះ​ក៏​ត្រូវ​ភ្លើង​ឆេះ​តែ​មិន​មាន​មនុស្ស​នៅ​ក្នុង​នោះទេ។

នេះ​បាន​​គេ​ហៅថា​វីរៈបុរស​ពិត មិនខ្លាច​សេចក្តី​ស្លាប់នោះទេ ទោះ​ជា​ទ្បាន​នោះអាច​ផ្ទុះ​ក៏​ដោយ ក៏​លោក Vin Diesel ហ៊ាន ប្រថុយ យក​ជីវិត​របស់គាត់​ប្តូរ​យកជីវិត​បីដែរ។

តើ​អ្នក​វិញអ្នក​ហ៊ាន​ជួយ​គេ​ទេ​ប្រសិន​បើ​ទ្បាន​នោះ​ក្រទ្បាប់ហើយ​ភ្លើង​កំពុង​តែ​ឆេះ​នោះ?

ឆ្នាំ​២០១១​នេះ មាន​ក្រុម​ចម្រៀង​នារី​កូរ៉េ​ថ្មី​ប៉ុន្មាន​ដែរ?

ក្រុម Dal Shabet

ប្រិយ​មិត្ត​ដឹង​ទេថា ក្នុងរយៈ​ពេល​៩ខែ​នៃ​​ឆ្នាំ​២០១១​នេះ មាន​ក្រុម​តារា​ចម្រៀង​នារី​រប​ស់​កូរ៉េ​កើត​ឡើង​ប៉ុន្មាន​ក្រុម​ដែរ​? ប្រិយមិត្ត​ប្រហែល​ជា​នឹក​ស្មាន​មិន​ដល់​នោះ​ទេ ព្រោះ​ថា​មិន​ទាន់​ដល់​មួយ​ឆ្នាំ​ផង មាន​ក្រុម​នារី​សរុប​ដល់​ទៅ ២៧ ដែល​ទើប​បង្កើត​ក្នុង​រយៈ​ពេល​នេះ​។

ដូចដែល​ធ្លាប់​ដឹង​មក​ហើយ​ថា ក្រុម​ចម្រៀង​នារីគឺ​មាន​ការ​ពេញ​និយម​ច្រើន​ជាង​ក្រុម​បុរស ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មាន​ការ​កើន​ឡើង​ច្រើន​បែប​នេះ​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ការ​កើតន​ឡើង​ច្រើន​ក្រុម​បែប​នេះ មិន​បាន​​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ជោគជ័យ​ទាំង​អស់​នោះ​ទេ ពោល​គឺ​មាន​ក្រុម​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ទទួល​ការ​គាំ​ទ្រ​ច្រើន និង​លេច​ធ្លោ​ជាង​គេ​។

ក្រុម​តារា​ចម្រៀង​នារី​ថ្មី​ៗ​ទាំង​២៧ក្រុម​នោះ​មាន​ដូច​ជា Dal Shabet, A-Pink, Rania, Brave Girls, Chi-Chi, Chocolat, April Kiss, Piggy Dolls, 5Dolls, INY, Leader’S, SpinEl, Blady, Ei-Yo, Swan.B, Swincle, Carcaro Girl, Eye to Eye, Ocean Girls, Wine Hold Venus, Coin Jackson, Black Eye, Elizabeth, Swing Girls, Stellar និង​ក្រុម Mascot។

ក្នុង​ចំណោម​ក្រុម​ទាំង​២៧​នេះ មាន​ក្រុម​តែ​ពីរ​ប៉ុណ្ណោះ ដែល​លេច​ធ្លោ និង​ជោគ​ជ័យ​ជាង​គេ នោះ​គឺ​ក្រុម Dal Shabet និង​ក្រុម A-Pink។

ជោគ​ជ័យ​នៃ​ក្រុម​ដែល​មាន​សមាជិក​៦នាក់ Dal Shabet គឺ​ការ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​អ្នក​គាំ​ទ្រ​ជាច្រើន​ចំពោះ​បទ​ចម្រៀង​របស់​ពួក​គេ​។ បន្ថែម​លើ​នេះ ពួកគេ​ក៏​មាន​រយៈពេល​យូរ​ផង​ដែរ ពោលគឺ ៨ខែ​នៃ​ការ​បង្កើត ដោយ​ចេញ​នូវអាល់ប៊ុម​ចំនួន​៣ផ្សេង​គ្នា​។ អាល់ប៊ុម​ដែល​ជោគ​ជ័យ​របស់​ពួក​គេ គឺ​ “Supa Dupa Diva”, “Pink Rocket” និង​បទ​ចម្រៀងក្នុង​អាល់​ប៊ុម​ចុងក្រោយ​ដែល​កំពុង​តែ​ល្បី គឺ​បទ Bling Bling។ ការ​ជោគ​ជ័យ​នេះ ក៏​អាច​មក​ពី​ពួក​គេ​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ ក្រុម​ហ៊ុន E-tribe ដែល​ជា​អ្នក​ផលិត​បទ​ចម្រៀង​ដ៏​ល្បី​នា​ពេល​កន្លង​មក​។

ចំណែក​ឯ​ក្រុម​ដែល​ជោគ​ជ័យ​ខ្លាំង​មួយ​ទៀត គឺ​ក្រុម A-Pink ដែល​ស្ថិត​ក្រោម Cube Entertainment ក៏​មិន​ធម្មតា​ដែរ ដោយ​បាន​ទទួល​ការ​គាំ​ទ្រ​ជា​ច្រើន​។ ក្រុម​ដែល​មាន​សមាជិក៧នាក់​នេះ បានលេច​ធ្លោ​ឡើង​ខ្លាំង​ក្នុង​បទ​ចម្រៀង I Don’t Know។

ក្រៅ​ពី​ក្រុម​ដែល​រះ​ត្រចះ​ត្រចង់​ជាង​គេ​ទាំង​ពីរ​ខាងលើ​នេះ ក្រុម​ផ្សេង​ទៀត ដែល​គ្រាន់​បើ​ដែរ​នោះ គឺ​ក្រុម Rania, Brave Girls, Chi-Chi, និង​ក្រុម​សិច​ស៊ី Bella ដោយ​ទទួល​បាន​អ្នក​គាំ​ទ្រ​ច្រើន​គួរ​សម​។

ក្រុម​ដែល​ចេញ​ឈ្មោះ​ច្រើន​បន្ទាប់​ទៀត រួម​មាន​ក្រុម Chocolat, April Kiss (2PM នារី) និង​ក្រុម Stellar។

ក្រុម A-Pink


ក្រុម Rania

SNSD នឹង​ត្រឡប់​មក​វិញនៅ​ថ្ងៃ​ទី​៤ តុលា

ប្រិយមិត្ត​ដែ​ល​គាំទ្រ​ក្រុម​ SNSD ប្រហែល​ជា​អន្ទះ​សារ​មិន​ស្ទើ​ទេ​ក្នុង​ការ​រង់​ចាំ​អាល់​ប៊ុម​ថ្មី​របស់​ក្រុម​នេះ​។ បើ​ដូច្នេះ​មែន ការ​ទន្ទឹង​រង់​ចាំ​របស់​មិត្ត​យុវវ័យ​ប្រហែ​ល​ជា​មិន​យូរ​ទៀត​នោះ​ទេ ព្រោះ​យោង​តាម​សារព័ត៌មាន​កូរ៉េ​មួយ​បាន​បញ្ជាក់​ថា ក្រុម​ដែល​មាន​សមាជិក​៩នាក់​នេះ នឹង​ចេញ​នូវ​អាល់ប៊ុម​ថ្មី​របស់​ពួក​គេ​នៅ​ថ្ងៃ​ទី​៤ ខែ​តុលា​ខាង​មុខ​នេះ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ពួក​គេ​ក៏​នឹង​ចេញ​មុខ​លើ​ឆាក​តន្ដ្រី​របស់​ KBS ក្នុង​កម្ម​វិធី Music Bank នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ផង​ដែរ​។

ដោយ​សារ​តែ​ពេល​វេលា​​នៃ​ការ​ចេញ​អាល់​ប៊ុម​ថ្មី​របស់​ក្រុម​ដ៏​ល្បី​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​បែប​នេះ​ហើយ បាន​ធ្វើ​ឲ្យ​ក្រុម​តារា​ចម្រៀ​ង​ខ្លះ ដែល​រំពឹង​ថា​នឹង​ចេញ​នា​ពេល​ដំណាល​គ្នា​នេះ ត្រូវ​បង្ខំ​ចិត្ត​លើក​ថ្ងៃ​ចេញ​អាល់ប៊ុម​របស់​ពួក​គេ​វិញ​។ ដូច​ដែល​ធ្លាប់​បាន​ដឹង​ហើយ​ថា ក្រុម​ SNSD គឺ​ជា​ក្រុម​ដែល​ស្ថិត​នៅ​កំពូល​គេ ដែល​ពិបាក​ឲ្យ​ក្រុម​ផ្សេង​ទៀត​ ប្រកួត​ប្រជែង​ណាស់ ដោយ​សារ​តែ​ពួក​គេ​មិន​ត្រឹម​តែ​ល្បី​នៅ​កូរ៉េ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​នៅ​ទូទាំង​ទ្វី​ប​អាស៊ី និង​ផ្នែក​ខ្លះ​នៃទ្វី​ប​អឺរ៉ុប​ផង​ដែរ​។

អាល់​ប៊ុម​នេះ​ គឺ​ជា​អាល់​ប៊ុម​ពិសេស​ ដែល​ចូល​រួមផលិត​ដោយ​ផលិត​ករ​ដ៏​ល្បី​លំដាប់​ពិភពលោក ដែល​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ឲ្យ Michael Jackson គឺលោក Teddy Riley។ ការ​ចូល​រួម​ពីសំណាក់​អ្នក​ផលិត​បទ​ចម្រៀងដ៏​ល្បី​ ក្នុង​ក្រុម​តារា​ចម្រៀង​ដ៏​ល្បី គឺ​វា​គ្រប់​គ្រាន់​ល្មម​ ដើម្បី​ឲ្យ​គូរ​ប្រកួត​ប្រជែង​ខ្លាច​។ លោក Teddy Riley ក៏​មិន​មែន​ជា​មនុស្ស​ថ្មី​សម្រាប់វិស័យ​ចម្រៀង​កូរ៉េ​នោះ​ដែរ ដោយ​លោក​ក៏​ធ្លាប់​ផលិ​តបទ​ចម្រៀង​ឲ្យ​ Jay Park និង​ក្រុម RaNia ផង​ដែរ កាល​ពី​អតីតកាល​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ អាល់​ប៊ុម​ថ្មីនេះ ក៏​នឹង​ល្អគ្រប់​គ្រាន់​ក្នុង​ការ​ឈាន​ជើង​ចូល​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារអាមេរិក​ផង​ដែរ​ បន្ថែម​លើ​ជោគ​ជ័យ​នៅ​អាស៊ី​ និង​អឺរ៉ុប។

យ៉ាង​ណាមិញ កាល​បរិច្ឆេទ​នៃ​ការ​ចេញ​អាល់ប៊ុម​ថ្មី​នេះ គឺមិន​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​នោះ​ទេ ពោល​គឺ​អាច​កែប្រែ​ថែម​ទៀត​ប្រសិន​ជា​ចាំ​បាច់​។ ផលិ​តកម្ម SM Entertainment ដែល​ជា​ទ្រនំ​របស់ SNSD បាន​បញ្ជាក់​តាម​រយៈ​សារព័ត៌មាន StarToday កាល​ពី​ថ្ងៃ២០ កញ្ញា ថា ផលិត​កម្ម​អាច​នឹង​កែ​ប្រែ​ថ្ងៃ​ចេញ​ ដោយ​សារ​តែ​មិន​ទាន់​ដឹង​ថា Soo Young ដែល​ជា​សមាជិក​ម្នាក់​របស់​ក្រុម​នេះ​ជា​ពី​របួស​ទាន់​ពេល​ឬ​អត់​។ ប្រហែល​ជា​ប្រិយ​មិត្ត​មិន​ទាន់​ភ្លេច​ទេ​ថា Soo Young បាន​រង​របួស​ដោយ​សារ​គ្រោះថ្នាក់​ចរាចរ កាល​ពី​ថ្ងៃ​ទី ២៩ ខែ​សីហា ហើយ​បាន​បាក់​ឆ្អឹង​មួយ​ចំនួន​។ សង្ឃឹម​ថា ក្រុម​នេះ​អាច​ចេញ​អាល់​ប៊ុម​ថ្មី​តាម​កាល​កំណត់​នេះ​ទៅ​ចុះ!!!

2NE1មាន​អ្នក​មើល​​ជា​មធ្យម​១៤លាន​នាក់​ក្នុង​YouTube

ក្រុម​តារា​ចម្រៀង​នារី​ដ៏​ល្បី​លំដាប់​កំពូល​របស់​កូរ៉េ​ខាង​ត្បូង គឺ​ក្រុម 2NE1 បាន​បំបែក​កំណត់​ត្រា​របស់​ក្រុម​ដទៃ​ទៀតនៅ​ក្នុង​គេហទំព័រ​វីដេអូ YouTube ដោយ​ទទួល​បាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាង​១០លាននាក់ នៅ​ក្នុង​វីដេអូ​បទ​ចម្រៀង​​ភា​គ​ច្រើន​របស់​ក្រុម​នេះ​។

យោង​តាម​ការ​រាប់​ជា​សរុប​នៃ​អ្នក​ចូល​មើល​ក្នុង YouTube កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា​កន្លង​ទៅ ក្រុម 2NE1 បាន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​បំផុត ដោយ​ជា​មធ្យម​មាន​អ្នក​ចូល​មើល​ដល់​ទៅ ១៤លាន​នាក់ ក្នុងមួយ​វីដេអូ​បទ​ចម្រៀ​ង​របស់​ពួក​គេ​។

វីដេអូ​បទ​ចម្រៀង​ដែលមាន​អ្នក​ចូល​មើ​ល​ច្រើន​ជាង​គេ គឺ​បទ ” Fire ” ដែល​ជា​ចម្រៀង​ដែល​ធ្វើ​ឲ្យ​ក្រុម​នេះ​លេច​ត្រដែត​ឡើង​ដល់​សព្វ​ថ្ងៃ​។ បទ​ដ៏​ល្បី​នេះ​ ទទួល​បាន​អ្នក​ចូល​ទស្សនា​ដល់​ទៅ​ជាង ២៣​លាន​ដង​​ឯណោះ (២៣៥០៨៣៤២ដង)។

បន្ថែម​លើ​នេះ​ទៀត បទ “I Don’t Care” ក៏​មិន​ធម្មតា​ដែរ ដោយ​ទទួល​បាន​អ្នក​ចូល​មើល​ចំនួន ជាង ១៨លាន​ដង ខណៈ​ដែល​បទ “Lonely”, “Go Away”, “I Am The Best”, “Can’t Nobody”, “Clap Your Hands”, “Follow Me”, និង​បទ “It hurts” សុទ្ធ​សឹង​តែ​ទទួល​បាន​អ្នក​ចូល​មើល​លើស​ ១០លាន​ដង​​ទាំង​អស់​។

ក្នុង​ចំណោម​វីដេអូ​បទចម្រៀង​ទាំង​១១បទ​ ដែល​ 2NE1 ដាក់ផ្សាយ​ក្នុង​ YouTube មាន​៩បទ​ហើយ​ ដែល​មាន​អ្នក​ទស្សនា​លើស​១០លាន​ដង​ ដែល​គិត​ជា​មធ្យម​ទាំង​អស់​ទៅ គឺ​មួយ​បទ​ មាន​អ្នក​ទស្សនា​ ១៤លាន​នាក់​។

ក្រុមហ៊ុន​ផលិត​បទ​ចម្រៀង​របស់​ក្រុម​ដែល​មាន​សមាជិក​៤នាក់​នេះ គឺ​ផលិត​កម្ម YG Entertainment បាន​បញ្ជាក់​ថា ក្រុម 2NE1 មិន​មែន​ត្រឹម​តែ​ល្បី​នៅ​កូរ៉េ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​នៅ​ក្រៅ​ប្រទេស​កូរ៉េ​ផង​ដែរ​។ ទាំង​នេះ​ហើយ​ គឺ​ជា​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​ក្រុម​នេះ​ទទួល​បាន​លទ្ធ​ផល​ដ៏​ល្អ​បំផុត​បែប​នេះ​។

សូម​បញ្ជាក់​ផង​ដែរ​ថា សមាជិក​ទាំង​៤នាក់​របស់​ក្រុម 2NE1 រួម​មាន Park Bom, Dara, CL និង Minzy។

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: