វិទ្យាសាស្រ្តរីករាយ

វិទ្យាសាស្ត្ររីករាយ៖ តើធ្វើយ៉ាងម៉េចទើបស៊ុតអណ្តែតក្នុងទឹក?

ស៊ុត​ប្រាកដជា​លិចទៅ​ក្នុង​ទឹក​នៅពេលដែល​អ្នក​ដាក់​វា​ទៅក្នុង​កែវ​ដែលមាន​ទឹក​សុទ្ធ​ធម្មតា។ ប៉ុន្តែថ្ងៃ​នេះ «គំនិត» នឹង​លើក​យក​មកនូវ​វិធី​មួយជូន​ប្រិយមិត្ត​ដើម្បី​ ពិសោធលេង​កម្សាន្ត ឬក៏អាច​យក​ទៅល្បង​ប្រាជ្ញាជាមួយ​នឹង​មិត្តភក្តិ ឬបងប្អូនបាននោះគឺ វិធីធ្វើឲ្យ​ស៊ុត​អណ្តែត​ក្នុង​ទឹក ។ វិធី​ធ្វើ​គឺពិត​ជាងាយស្រួល ហើយឧបករណ៍ក៏ងាយរកផងដែរពីព្រោះវាសុទ្ធ​តែជារបស់ប្រើប្រាស់ប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ ការពិសោធន៍​នេះក៏​នឹង​បង្រៀនអ្នក​ឲ្យ​យល់ដឹង​អំពី​ដង់ស៊ីតេរបស់វត្ថុ​ទៀត​ផង។

ឧបករណ៍ៈ ស៊ុតមាន់ ឬទាមួយ ទឹក អំបិល និង​កែវញ៉ាំទឹកវែង​មួយ

វិធី៖

១-ចាក់ទឹកចូលទៅក្នុងកែវឲ្យបាន​កន្លះ​កែវ។

២-ដាក់​អំបិល​ឲ្យ​ច្រើន​ចូលទៅក្នុង​ទឹក​នោះ (៥-៦ស្លាបព្រាបាយ) រួចហើយ​កូរ​វា​ឲ្យសព្វ។

៣-បន្ទាប់​មក​ចាក់​ទឹក​បន្ថែម​ទៀត​ចូលទៅក្នុង​កែវ​សន្សឹមៗ​ដោយ​ប្រុង​ប្រយ័ត្នរហូត​ដល់​ជិតពេញកែវ។

៤-ដាក់ស៊ុត​ចូលទៅក្នុង​កែវ ហើយពិនិត្យ​មើល​ថា​មាន​អ្វី​កើតឡើង។

តើមានអ្វីកើតឡើង?

ដង់ស៊ីតេ​របស់ទឹកអំបិល​គឺធ្ងន់​ជាង​ទឹក​សុទ្ធធម្មតា ហើយ​រាល់វត្ថុ​រាវ​ណាដែល​មាន​ដង់​ស៊ីតេ​កាន់​តែធ្ងន់​នោះ នឹងធ្វើឲ្យ​វត្ថុ​នានា​កាន់តែ​ងាយស្រួល​អណ្តែត​នៅលើ​វា ។ នៅពេលដែល​អ្នកដាក់​ស៊ុតចូលទៅក្នុងកែវ ស៊ុតនោះ​នឹងលិចចុះទៅក្រោមដោយធ្វើដំណើរ​ឆ្លងកាត់​ទឹក​សុទ្ធ​ធម្មតា​រហូតដល់​វា​ប៉ះ​នឹង​ទឹក​អំបិល។ នៅពេលដល់​ចំនុច​ដែលមាន​ទឹក​អំបិល ទឹក​អំបិល​មានដង់ស៊ីតេ(គេហៅ​បានម្យ៉ាងទៀត​ថា​ ទម្ងន់ជាក់លាក់) ​ខ្ពស់ជាង​ស៊ុត ដែលបាតុភូត​នេះ​ធ្វើឲ្យ​ស៊ុតនោះ​អណ្តែតក្នុងទឹក។ ប្រសិនបើអ្នកបានបន្ថែម​ទឹក​ធម្មតា​ចូលទៅក្នុងកែវ​ដោយ​ប្រុង​ប្រយ័ត្ននោះ ទឹកអំបិលនិង​ទឹក​ធម្មតា​នឹងមិន​រលាយ​ចូលគ្នា​ ហើយ​ធ្វើឲ្យ​ស៊ុតរបស់អ្នកនឹងអណ្តែត​នៅពាក់កណ្តាល​កែវ។ ផ្ទុយ​ទៅវិញ ប្រសិនបើ ទឹក​នឹងទឹក​អំបិល​រលាយចូលគ្នា​នោះ អ្នកនឹងឃើញ​ស៊ុតអណ្តែត​នៅ​លើទឹក។

ដូច្នេះ ការពិសោធន៍នេះបង្រៀន​ឲ្យ​យើងដឹងពីដង់ស៊ីតេរបស់វត្ថុ។ នៅពេល​វត្ថុណាមួយ​មាន​ដង់ស៊ីតស្រាលជាងវត្ថុរាវ នោះវា​នឹងអណ្តែត​នៅ​លើ​វត្ថុរាវ​នោះ។

តើអ្នកបានសាក​ធ្វើការពិសោធន៍នេះ​ហើយ​ឬនៅ?

វិទ្យាសាស្ត្ររីករាយ៖ ល្បិចដុតលុយ

ប្លែកទៀត​ហើយ! គេហទំព័រ​គំនិត​ថ្ងៃ​នេះ​នឹង​នាំ​មក​ជូន​ប្រិយមិត្ត​នូវ​វិធី​មួយ​ដើម្បី​ជា​ការកំសាន្ត​ គឺ​ល្បិច​ដុត​លុយ​មិន​ឲ្យ​ឆេះ​លុយ។ ល្បែង​នេះ ប្រិយ​មិត្ត​អាច​យក​ទៅ​សាក​ល្បង​លេង​ជាមួយ​មិត្ត​ភ័ក្ត​បាន​ដើម្បីជា​ការ​ល្បង​ប្រាជ្ញា និង​បង្កើន​ចំណេះដឹង​ផ្នែក​គីមីវិទ្យា​ទៀត​ផង។ តើយើង​ត្រូវ​ការ​អ្វី​ខ្លះសម្រាប់​អនុវត្ត​ការពិសោធន៍​នេះ?

ឧបករណ៍ៈ ក្រដាសប្រាក់(រូបិយប័ណ្ណ​ដុល្លា​កាន់តែល្អ) ដង្កៀប ឈើគូសឬដែក​កេះ អំបិល(ប្រសិនបើអ្នក​ចង់​បានភ្លើងពណ៌​ក្រហម) ទឹក និង ​អាល់កុល។

តើអ្នកមាន​របស់​របរ​ដែលត្រូវការខាង​លើ​ហើយឬ​នៅ? បើ​មាន​ហើយ តោះ​យើង​ចាប់​ផ្តើម​ប្រតិបត្តិ​ការរបស់​យើង!

វិធី៖

១- ធ្វើ​ការ​រៀបចំសូលុយស្យុងរវាង​ទឹក​ និង​អាល់កុល។ យើង​ត្រូវ​លាយទឹក​៥០​មីលីលីត្រ និង​អាល់​កុល​ ៥០មីលីលីត្របញ្ចូល​គ្នានៅក្នុង​ចាន​មួយ (អ្នក​អាច​លាយច្រើនជាង​នេះ​បាន​ដោយ​ក្នុង​កម្រិត​ទឹក​៥០% និង​អាល់​កុល​ ៥០%)។

២- ប្រសិន​បើ​អ្នក​ចង់​បាន​ភ្លើង​ឆេះ​ពណ៌​ក្រហម ​អ្នក​ត្រូវ​បន្ថែម​អំបិល​បន្តិច​ទៅ​ក្នុង​សូលុយស្យុង​ខាង​លើ។ ចំហេះ​ដែល​ឆេះ​ដោយ​អាល់កុល​សុទ្ធ​នោះ​នឹង​មាន​ភ្លើង​ពណ៌​ខៀវ ដូចនេះ​ប្រសិន​បើ​យើង​បន្ថែម​ជាតិ​អំបិលនោះ យើង​នឹង​ទទួល​បាន​ពណ៌​ភ្លើង​ដូចនឹង​ចំហេះ​ធម្មតា។

៣- ជ្រលក់​ក្រដាសប្រាក់ចូលក្នុង​សូលុយ​ស្យុង​ខាងលើ។ ចូរចាំ​ថា អ្នក​ត្រូវ​ជ្រលក់​ប្រាក់​ឲ្យ​សោម​ជោគ​គ្រប់ទី​កន្លែង​ទាំង​អស់។

៤- ប្រើប្រាស់​ដង្កៀប​ដើម្បី​គាប​ក្រដាស​ប្រាក់​ចេញ​ពីសូលុយស្យុង​ និង​ទុក​សម្រាប់​ចាប់​ក្រដាស​ប្រាក់​នៅ​ពេល​ដុត។ ការ​ប្រើប្រាស់​ដង្កៀប​មិនមែនជាការចាំបាច់ប៉ុន្មាន​នោះទេ អ្នកអាច​ប្រើប្រាស់​ដៃ​ផ្ទាល់​ក៏បានដែរ។ ប្រសិន​បើអ្នកប្រើដៃ​ផ្ទាល់ ហើយ​មាន​ភ្លើង​ឆេះ​ដៃ​នោះ សូម​កុំ​មាន​ការ​ស្លន់​ស្លោ អ្នក​គ្រាន់​តែ​រលាស់​ដៃ​ចោល​នោះ ភ្លើង​នឹង​រលត់​ភ្លាម។

៥- ពេល​នេះ​គឺជា​ពេលដុត​លុយ​ហើយ ប្រើ​ប្រាស់​ដែក​កេះ ឬឈើគូសដើម្បី​ដុត​ក្រដាស​ប្រាក់។ នៅពេល​ដែលអ្នក​ដុត អ្នក​នឹងឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធរសន្ធៅ បីដូចជា​ការ​ឆេះលុយ​ពិត​ប្រាកដ​យ៉ាង​ដូចច្នេះ​ដែរ។ ប៉ុន្តែ​ការ​ឆេះ​នេះ គឺ​មិន​ប៉ះ​ពាល់​អ្វី​ដល់​ក្រដាស​ប្រាក់​នោះទេ។

តើវិទ្យាសាស្ត្រ​បកស្រាយ​យ៉ាង​ម៉េចចំពោះ​ការ​ដុត​លុយ​នេះ?

ប្រិតិកម្មចំហេះ​ខាង​លើគឺកើត​ឡើង​រវាង​អាល់កុល និង​អុកស៊ីសែន ដែល​បង្កើត​បានជា​ចំហេះ និង​ពន្លឺ(ថាមពល) កាបូនឌីអុកស៊ីត និង​ទឹក។

C2H5OH(អាល់កុល) + 4 O2 -> 2 CO2 + 3 H2O +​ថាមពល

ដោយសារ​តែ​អាល់កុល​មាន​សំពាធ​ចំហាយ​ខ្ពស់(Vapor Pressure) ធ្វើឲ្យ​អាល់កុលស្ថិត​បរិវេណ​ជុំ​វិញ​ក្រដាសប្រាក់ និង​ទឹក។ នៅពេល​ដែល​ក្រដាស់​ប្រាក់​នោះ​ត្រូវ​បាន​ដុត គឺមានតែអាល់កុល​ប៉ុណ្ណោះ​ដែល​ឆេះ។ សីតុណ្ហភាព​នៃ​ចំហេះ​អាល់កុល គឺ​វា​មិន​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ឲ្យ​ទឹក​ហួត​នោះ​ទេ ហេតុនេះ​ហើយ ក្រដាស​ប្រាក់​នឹង​នៅ​តែ​សើមជោគ​ដដែល ដែល​ជួយ​ការពារ​ក្រដាសប្រាក់​នោះ​គេចផុត​ពី​ចំហេះនេះបាន។ ក្រោយ​ពេល​អាល់កុល​ឆេះ​អស់​ហើយនោះ ភ្លើង​នឹង​រលត់ ដោយ​បន្សល់​ទុកនូវ​ក្រដាសប្រាក់របស់​អ្នក​ឲ្យ​នៅ​ដដែល។

សង្ឃឹមថា​ប្រិយមិត្ត​នឹងចូលចិត្ត​ការពិសោធន៍​មួយនេះ។ ការពិសោធន៍ខាងលើនេះ​មិនត្រឹមតែជា​ការ​កម្សាន្ត​នោះទេ វា​ថែម​ទាំង​ផ្តល់​នូវចំណេះដឹង​វិទ្យាសាស្ត្រ​ទៀត​ផង។​ សូមកុំភ្លេច​ឧស្សាហ៍​ចូលមក​គេហទំព័រគំនិត​ដើម្បី​ទទួល​បានចំណេះដឹង​ល្អៗ​បន្ថែមទៀត។

សំគាល់៖

– ហាម​មិន​ឲ្យយក​មេតាណុល​មកជំនួស​អាល់​កុល​ជា​ដាច់​ខាត​ ព្រោះ​វា​អាច​បង្ក​អោយ​មាន​គ្រោះ​ថ្នាក់។

-ប្រសិន​បើអ្នក​នៅ​ក្មេងមិន​ទាន់​ពេញវ័យ​នោះ អ្នក​ត្រូវ​មាន​មនុស្ស​ពេញវ័យ​ម្នាក់​ដើម្បី​ជួយ​មើល​ការ​ខុស​ត្រូវ​នៅ​ពេល​អនុវត្ត​ការ​ពិសោធន៍​ខាង​លើ​នេះ។ ត្រូវ​អនុវត្ត​ការពិសោធន៍​នេះនៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ និង​​អោយ​ឆ្ងាយ​ពី​កន្លែងដែលងាយ​ឆាបឆេះ និង​ផ្ទុះ។ ការពិសោធន៍នេះគឺ​មិន​មាន​គ្រោះថ្នាក់​អ្វីនោះទេ ប៉ុន្តែ​ប្រសិន​បើមាន​អ្វី​កើត​ឡើង​ជាយថាហេតុ​ដោយសារ​ការពិសោធន៍​នេះ គេហទំព័រ​គំនិត​នឹង​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​បាត់​បង់​ ឬខូចខាត​ឡើយ។

វិទ្យាសាស្ត្ររីករាយ៖ ដកកាក់ចេញពីចានយ៉ាងម៉េចទើបមិនអោយប៉ះទឹក?

នៅក្នុង​អត្ថបទ​វិទ្យាសាស្ត្រ​រីករាយ​ថ្ងៃនេះ គេហទំព័រគំនិត​នឹង​បង្ហាញជូន​ប្រិយមិត្ត​នូវវិធីថ្មីមួយទៀតគឺ ការ​ដកកាក់​ចេញពីចាន​ដោយមិន​អោយប៉ះទឹក។ ដូចនេះ​ប្រិយ​មិត្ត​អាច​យក​វិធីសាស្ត្រ​មួយ​នេះ​ទៅធ្វើការ​សាក​ល្បង​ជាមួយ​មិត្ត​ភក្តិ ឬ​ក្រុម​គ្រួសារ​ដើម្បីធ្វើ​ជាការកម្សាន្ត។ តើធ្វើ​ម៉េចទៅ ទើប​អាច​ដកកាក់ចេញ​ពី​ចាន​ដោយ​មិនអោយ​ប៉ះទឹក?

ឧបករណ៍ៈ ចានទាប ទឹក កាក់ (ប្រសិនបើគ្មានកាក់​ អ្នក​អាច​យក​របស់អ្វីមក​ជំនួសក៏បាន) ឈើគូស ឆ្នុក​ស្រាក្រហមឬក៏ជ័រ​លុប ឈើគូស និង​កែវ។

វិធីៈ

– ដាក់កាក់​ចូល​ទៅ​ក្នុង​ចាន រួច​ចាក់​ទឹកចូល​ល្មម​នឹង​លិចកាក់នោះ។

– ដោត​ឈើគូស​បីទៅ​ បួន​ដើម​នៅ​លើ​ឆ្នុក​ស្រា ឬក៏ជ័រ​លុប។

– ដាក់បឈ្ឈរ​ឈ្នុកស្រាក្រហម ឬជ័រ​លុប​ដែល​មាន​ដោតដោយ​ឈើគូស​នៅ​លើ​ចាន​នោះ។


– ដុត​ឈើគូស​មួយ​ក្នុង​ចំណោមឈើគូស​ទាំង​អស់​ដែល​នៅលើ​ឆ្នុក​ស្រា រួច​យក​កែវ​មក​គ្រប​លើឆ្នុក​នោះ។ ធ្វើ​ដូចនេះ ទឹក​ដែល​នៅ​ក្នុង​ចាន នឹង​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​កែវ ហើយ​អ្នក​នឹង​អាច​ធ្វើការ​ដក​កាក់​នោះ​បាន​យ៉ាង​ស្រួល។

វិទ្យាសាស្ត្ររីករាយ៖ ដុតប៉េងប៉ោង​យ៉ាងម៉េចកុំអោយ​ផ្ទុះ?

ថ្ងៃនេះ សូមណែនាំ​ការពិសោធមួយទៀត​ដែលងាយស្រួល​អនុវត្ត និង​អាច​អោយ​អ្នក​យក​ទៅ​លែង​កំសាន្តជាមួយ​នឹង​មិត្ត​ភ័ក្តិ ឬក៏ក្រុមគ្រួសាររបស់អ្នក។ ការពិសោធន៍នេះមានចំណង​ជើង​ថា “តើដុតប៉េងប៉ោងយ៉ាងម៉េចកុំអោយផ្ទុះបែក?” ។

ឧបករណ៍៖ ឈើគូស ឬដែកកែស ទាន ប៉េងប៉ោង ទឹក។

វិធី៖

– ដុតបំភ្លឺទៀន ដោយឈើគូស ឬដែកកែស។

-បន្ទាប់មក​ យក​ប៉េងប៉ោង​ដែលផ្លុំ​រួច​ចងអោយ​ក្របួច​ក្បាល​អោយ​ជិតល្អ ហើយ​ដាក់​វា​នៅ​លើ​ភ្លើង​ទៀន។ អ្នក​នឹងឃើញថា ប៉េងប៉ោង​នោះនឹងឆេះ​ហើយ​ផ្ទុះ​មួយរំពេច។

-យក​ទឹកច្រក​បញ្ចូល​ក្នុង​ប៉េងប៉ោង​នោះ ហើយ​ផ្លុំ​បំប៉ោង​វាហើយចងអោយ​ជាប់។ បន្ទាប់មក​យក​ប៉េងប៉ោងទៅដាក់លើភ្លើង​ទៀន​ម្តងទៀត។ អ្នកនឹងសង្កេតឃើញថា ប៉េងប៉ោងនោះ នឹងមិនផ្ទុះ​ភ្លាមៗឡើយ ហើយ​វាស្ថិតក្នុងស្ថានភាព​បែបនេះប្រហែល១ ទៅ២នាទី អាស្រ័យទៅលើចំនួនទឹកដែលអ្នកបាន​បញ្ច្រក​ចូលទៅក្នុង​ប៉េងប៉ោងនោះ។

មូលហេតុៈ ការដែលប៉េងប៉ោងមិនផ្ទុះ គឺដោយសារ​តែ​ទឹក​បាន​ស្រូប​យករាល់​កំដៅដែល​បានបញ្ចេញដោយភ្លើងទៀន ដែល​ធ្វើ​អោយប៉េងប៉ោងមិនឡើងកំដៅ។ កំដៅជាក់លាក់របស់ទឹកគឺមានកម្រិតខ្ពស់​ជាង​សារធាតុ​ឯទៀត ដែលធ្វើអោយវាមាន​សមត្ថភាពក្នុងការស្រូបយកកម្តៅដោយ​មិនធ្វើសីតុណ្ហភាពឡើងកម្តៅបានរហ័ស។

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: