ចិត្តសាស្រ្ត

៥សំនួរដែលពិបាកឆ្លើយនៅពេលសម្ភាសន៍ការងារ


ដើម្បី​ទទួលបាន​ជោគ​ជ័យ​ក្នុងពេល​សម្ភាសន៍ គឺយើង​ត្រូវ​ដឹង​ និង​យល់ចិត្ត​អ្នក​សម្ភាសន៍ថា​គេ​ចង់​បាន​អ្វី និង​ត្រូវការ​អ្វី? មានសំនួរ​ជាច្រើន​ដែល​នឹង​ត្រូវ​បាន​សួរ​នៅ​ពេល​សម្ភាសន៍​ដែល​អ្នក​គួរ​តែ​ត្រៀម​ខ្លួន​អោយ​រួចរាល់​ទុក​ជាមុន។ អ្នកត្រូវតែ​ដឹង និង​កំនត់​អោយ​បាន​ច្បាស់​ថា​ តើ​គេកំពុង​តែចង់បាននូវ​ចម្លើយ​អ្វី​ពីអ្នក។ ក្នុង​អត្ថបទ​នេះ យើង​សូមលើ​យក​នូវ​សំនួរ​ចំនួន​៥ ដែល​តែង​តែ​ត្រូវ​បាន​សួរ ហើយ​វា​ក៏ជា​សំនួរ​ដែល​ពិបាក​នឹង​ឆ្លើយ​ផង​ដែរ៖

១- ចូរអ្នក​រៀបរាប់​អំពី​ខ្លួន​អ្នកផ្ទាល់?

សំនួរ​នេះ​គឺជា​សំនួរ​សំខាន់​មួយ​ដែល​គេតែង​និយម​សួរ​ក្នុង​ពេល​សម្ភាស​ន៍ការងារ។ អ្វី​ដែល​អ្នកសួរ​ចង់​ដឹងនោះគឺ ​ តើ​អ្នក​អាច​ជួយ​បាន​ការ​ងារ​អ្វី​ខ្លះ​ដល់​ក្រុម​ហ៊ុន​របស់គេ? តើ​អ្នក​អាច​នឹង​ផ្តល់​ផល​ប្រយោជន៍អ្វី​ខ្លះ​ដល់ក្រុម​ហ៊ុន​របស់​​គេ​នោះ?

អ្នក​សួរ​គេ​​ចង់​ដឹង​អំពី​ ជំនាញ សមត្ថភាព​ បទពិសោធន៍​ និងភាពខ្លាំង​របស់​អ្នក ជាពិសេស​នោះ​គឺអ្វី​ដែល​ទាក់​ទង​ទៅ​នឹង​ការងារ​ដែល​អ្នក​កំពុង​តែ​ធ្វើការ​សម្ភាសន៍។ អ្នកអាច​ជា​អ្នក​លង​តន្ត្រី​ដ៏​ចំណាន​ម្នាក់ ប៉ុន្តែ​អ្នក​ដែល​សម្ភាសន៍​អ្នក​នឹងមិន​ចាប់​អារម្មណ៍​នោះទេ ប្រសិន​បើ​ការងារ​ដែល​អ្នក​ដាក់​ពាក្យ​សុំ​នោះ​មិន​មែន​ទាក់​ទង​នឹង​តន្ត្រី។ អ្នកគួរ​តែ​ធ្វើការ​ផ្តោត​ទៅ​លើ​ចម្លើយ​ណាដែល​គេ​កំពុងតែសួរ ហើយ​ចៀសវាង​នូវ​ចម្លើយ​ដែលមិនមានការទាក់ទង​នឹងការ​ងារ​របស់​អ្នក។

២- ហេតុអ្វី​បាន​ជា​អ្នក​លាឈប់ ឬចាក​ចេញ​ពី​កន្លែងធ្វើ​ការ​ចាស់​របស់​អ្នក?

នេះ​ជា​សំនួរ​មួយ​ដែល​អ្នក​អាច​នឹង​ត្រូវ​បាន​សួរ។ អ្នក​សម្ភាសន៍​ចង់​ដឹង​ថា តើ​មាន​បញ្ហា​អ្វី​ដែល​បណ្តាល​អោយ​អ្នក​ធ្វើ​ការ​ផ្លាស់​ប្តូរ​កន្លែង​ធ្វើ​ការ? តើ​អ្នក​ជា​អ្នក​បង្ក​បញ្ហា​ដល់​ក្រុមហ៊ុន? ហើយ​បញ្ហា​នេះ​នឹង​អាច​កើត​ឡើង​ម្តង​ទៀត​ដែរ​ឬទេ?

ប្រសិន​បើ​​អ្នក​កំពុង​តែ​រក​ការ​ងារ​ថ្មី​ធ្វើ​ដោយ​សារ​តែ​ត្រូវ​គេ​បណ្តេញ​ចេញ ឬ​ត្រូវ​គេ​កាត់​បន្ថយ​បុគ្គ​លិក អ្នក​គួរ​តែ​ត្រូវ​ត្រៀម​ចម្លើយ​នៃ​សំនួរ​នេះ អោយ​បាន​រួច​រាល់ ដោយ​ផ្តល់​នូវ​ចម្លើយ​ដែល​សង្កត់​ទៅ​លើ​ន័យ​វិជ្ជមាន ជា​ជាង​អវិជ្ចមាន។

អ្នក​ប្រហែល​ជា​អាច​ឆ្លើយ​ថា៖ វា​គឺជា​បទពិសោធន៍​ដែល​ខ្ញុំ​ចង់​បំភ្លេច​វា ប៉ុន្តែ​ខ្ញុំ​បានទទួល​មេរៀន​មួយ​ដ៏​ល្អ​ពី​បទ​ពិសោធន៍​នេះ។

នៅ​ពេល​ដែលជួប​បញ្ហា​អ្វី​ដែល​មិន​ល្អ​នៅ​ក្នុង​បទ​ពិសោធន៍​ការងារ​របស់​អ្នក អ្នក​ត្រូវ​តែ​ផ្លាស់​ប្តូរ​របៀប​ឆ្លើយដោយ​ធ្វើ​យ៉ាង​ណា​អោយ​វា​ទេរ​ទៅ​រក​ភាព​វិជ្ជមាន​វិញ។

៣- ហេតុអ្វី​បានជា​អ្នក​ចង់​ធ្វើ​ការ​នៅ​ទី​នេះ?

អ្នក​សម្ភាសន៍​ចង់​ស្តាប់​នូវ​ចម្លើយ​របស់​អ្នក​ថា ហេតុ​អ្វី​បានជា​អ្នក​ជ្រើសរើស​ក្រុម​ហ៊ុននេះ ឬ​ក៏​មុខ​តំណែង​ណា​មួយ​ដែល​អ្នក​កំពុង​ដាក់​ពាក្យ​សុំ។

ចម្លើយ​ដែល​អ្នកមិន​គួរ​ឆ្លើយ​នោះ​គឺ៖ ខ្ញុំ​បាន​ឃើញ​វា​នៅ​លើ​ទំព័រ​ស្វែង​រកការងារ ហើយ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច​បំពេញ​មុខ​តំណែង​នេះ​បាន។ ចម្លើយ​នេះ គឺវា​ប្រហាក់​ប្រហែល​នឹង​ការ​សុំ​នារី​ម្នាក់​ដើម្បី​ធ្វើ​ជា​គួរ​គ្រង ហើយ​នៅ​ពេល​ដែ​ល​នាង​សួរ​ទៅ​វិញថា “ហេតុអ្វី​បាន​ជា​លោកចង់​រៀបការ​ជាមួយ​ខ្ញុំ?” បុរស​នោះ​ឆ្លើយ​ថា៖ ខ្ញុំតែង​ចង់​រៀប​ការ ហើយនាង​គឺជា​មនុស្ស​ស្រី។ ចម្លើយ​នេះ​គឺជា​ចម្លើយ​ដែល​ទទួលយក​បាន​នោះ​ទេ។

អ្នកគួរ​តែ​ធ្វើ​ការសិក្សា​ស្រាវ​ជ្រាវ​ទៅ​លើ​ក្រុម​ហ៊ុន​ដែល​អ្នក​កំពុងតែធ្វើ​ការ​ដាក់​ពាក្យដូចជា​គោល​នយោបាយ​របស់​ក្រុម​ហ៊ុន និង​បេសកម្ម​ជា​ដើម។ អ្នក​អាច​ឆ្លើយ​ថា គោល​នយោបាយ​ និង​បេសកម្ម​របស់​ក្រុម​ហ៊ុន​នោះ​ ស្រប​ទៅ​នឹង​គោល​គំនិត​របស់​អ្នកហើយ​ជាអ្វី​ដែល​ខ្ញុំ​កំពុង​តែ​ស្វែង​រក។

ចម្លើយ​ផ្សេងទៀត​សម្រាប់​សំនួរ​មួ​យ​នេះ គឺអ្នក​ទៅ​សម្ភាស​ដើម្បី​ចង់​ដង់​អោយ​បាន​ច្បាស់​ថា តើ​កន្លែង​នេះ​ស័ក្តិ​សម​អ្នក​ដែរ​ឬទេ ឬមួយ​ក៏​អ្នក​អាច​ធ្វើ​ការងារនោះ​បាន​ដែរ​ឬទេ។ ចូរ​ចាំ​ថា​ អ្នក​ទៅ​សម្ភាស​ដើម្បី​ធ្វើ​សង្កេត និង​ស្វែង​យល់​អោយ​បាន​ច្រើន​ចំពោះ​ក្រុម​ហ៊ុន​នោះថា​តើ​អ្នក​គួរ​តែ​ធ្វើការ​អោយ​ក្រុមហ៊ុននេះ​ដែរ​ឬទេ ដោយ​មិន​មែន​ទៅ​ទី​នោះ​ដើម្បី​អោយ​តែ​គេ​សង្កេត​និង​ស្វែង​យល់​ពី​អ្នក​នោះ​ទេ?

៤- តើ​អ្នក​មានចំនុចខ្សោយ​អ្វី​ខ្លះ?

នេះ​ជា​សំនួរ​មួយ​ដែល​ពិ​បាក​ឆ្លើយ។ ប្រសិន​បើ​អ្នក​ឆ្លើយ​ដោយ​ទទួល​ស្គាល់​ថា​អ្នក​មាន​បញ្ហា​អ្វី​មួយនោះ គឺបី​ដូច​ជា​អ្នកលក់​ខ្លួន​ឯ​ង​ដូច្នោះ​ដែរ។

និយោជកនឹង​ធ្វើ​ការ​ស្តាប់​ពី​របៀប​រៀប​រាប់​អំពី​គុណ​វិបត្តិ​របស់​អ្នក។ ប្រសិន​បើ​មាន​សំនួរ​នេះត្រូវ​បានសួរ អ្នក​ត្រូវ​តែ​សង្កត់​ទៅ​លើ​ន័​យ​វិជ្ជមាន ពោl​គឺ​និយាយ​អំពី​ជំនាញ​ និង​ចំណេះ​ដឹង​ដែល​អ្នក​កំពុង​តែ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​អោយ​កាន់តែ​ប្រសើរ​នៅ​ក្នុង​ការ​ងារ​របស់​អ្នក។ ជ្រើស​រើស​គុណ​វិបត្តិ​មួយ​ដែល​អ្នក​មាន ហើយ​ប្រាប់​នូវ​វិធី​ដែល​អ្នក​ដោះ​ស្រាយ​សម្រាប់​បញ្ហា​នោះ។ ខាង​ក្រោម​នេះ គឺជា​ឧទាហរណ៍មួយ​ដែល​អ្នក​អាច​យក​តម្រាប់​តាម៖

ខ្ញុំជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​សម្លឹង​អ្វី​ដែល​ធំ។ ប៉ុន្តែ​ខ្ញុំ​ទទួល​ស្គាល់​ថា ពេល​ខ្លះមាន​ចំណុច​ខ្លះ​ខ្ញុំ​មិនបាន​ធ្វើ​ការពិនិត្យ​អោយ​បាន​ល្អិត​ល្អន់។ ហេតុនេះ​ហើយ ខ្ញុំ​តែង​ជ្រើស​រើស​នរណា​ម្នាក់​ដែល​ជាមនុស្ស​ល្អិត​ល្អន់​មកចូល​រួម​ក្នុង​ក្រុម​របស់​ខ្ញុំជា​និច្ច។

អ្នក​ត្រូវ​ឆ្លើយ​នូវ​សំនួរអោយ​មាន​លក្ខណៈ​វិជ្ជមាន​ជានិច្ច។ ប្រសិន​បើ​អ្នក​ប្រាប់​អ្នក​សម្ភាសន៍​ថា​អ្នក​មាន​គុណ​វិបត្តិ​ណា​មួយ​នោះ អ្នក​ត្រូវ​តែ​ផ្តល់​ចម្លើយ​មួយ​ដែល​ប្រាប់​នូវ​វិធី​ដែល​អ្នក​ប្រើប្រាស់​ក្នុង​ការ​ដោះស្រាយ​នូវ​គុណ​វិបត្តិ​នោះ។

៥- តើ​អ្នកមានសំនួរ ឬ​ចម្ងល់​អ្វី​ដែរ​ឬ​ទេ?

ទេ ខ្ញុំគិត​ថា​អ្នក​បាន​ប្រាប់​ខ្ញុំ​លម្អិត​រាល់​អ្វី​ដែល​ខ្ញុំ​ចង់​ដឹង​រួច​ទៅ​ហើយ។ ខ្ញុំ​ប្រាកដ​ជាមាន​សំនួរ​ជាច្រើន​ដែល​ត្រូវសួរ​​ប្រសិន​បើ​ខ្ញុំ​បាន​ទទួល​ការងារនេះ។

នេះជាចម្លើយ​ដែល​មនុស្ស​ភាគ​ច្រើន​ឆ្លើយ​នូវ​សំនួរ​នេះ។ នេះ​មិន​មែន​ជា​ចម្លើយ​ដែល​ត្រឹមត្រូវ​ទេ។ នៅ​ពេល​ដែល​អ្នក​ទទួល​បាន​ការងារហើយ​នោះ វា​ប្រហែល​ជា​យឺត​ពេល​ហើយ​ដើម្បី​ធ្វើ​ការ​សួរ​នូវ​រាល់​សំនួរ។

និយោជក​នឹង​រង់​ចាំ​នូវសំនួរ​របស់​អ្នក​ដើម្បី​ចង់​ដង់​ថា​តើ​តើ​មាន​ចំណាប់ ​អារម្មណ៍​យ៉ាង​ណា​ក្នុង​ការ​ធ្វើការ​នៅក្នុង​ក្រុម​ហ៊ុន​របស់​គេ។ ខាង​ក្រោមនេះ​គឺជា​សំនួរ​ដែល​ល្អៗ​ដែល​អាច​សួរ​ក្នុង​ពេល​សម្ភាសន៍។

“បាទ ខ្ញុំ​មាន​សំនួរ​ខ្លះៗ។ បើ​តាម​ការសួរ​របស់​លោក​ក្នុង​ពេល​សម្ភាសន៍ វា​ដូចជា​លោក​កំពុង​តែ​មាន​បញ្ហាជាមួយ​នឹង​អតិថិជន។ តើ​លោក​អាច​ប្រាប់​បន្ថែម​ខ្លះ​ៗ​អំពី​ស្ថាន​ភាព​បច្ចុប្បន្ន​ដែរ​ឬ​ទេ? តើ​មានការ​លំបាក​អ្វី​ខ្លះ​ដែល​និយោកជិក​ថ្មី​នឹង​ជួប​ប្រទះ​?”

ប្រ​សិន​បើ​អ្នក​មិន​​សួរ​សំនួរ​បន្ថែម​នោះ​ទេ អ្នក​នឹង​បាត់​បង់​ឱកាស​ដើម្បី​ធ្វើ​ការ​ប្រមូល​ពត៌មាន​នានា​ដែល​ជា​កត្តា​ក្នុង​ការ​សម្រេច​ចិត្ត​ថា​តើ​ទី​កន្លែង​នេះ​ស័ក្តសម​នឹងអ្នក​ដែរ​ឬទេ។

រាល់​អ្នក​សម្ភាសន៍​នីមួយៗ​តែង​តែ​មាន​របៀប​សួរ និង​សំនួរ​ខុសៗគ្នា។ សំនួរ​ទាំង៥​ខាង​លើ​គឺជា​សំនួរ​ដែល​តែង​ត្រូវ​បាន​សួរ​ជា​ញយៗ ហេតុដូចនេះ​ប្រសិន​បើ​អ្នក​បាន​ត្រៀម​ខ្លួន​រាល់​សំនួរ​ខាង​លើ​ហើយ​នោះ អ្នក​នឹង​មាន​ប្រៀប​ទៅ​លើ​អ្នក ​ដ៏​ទៃ​ទៀត​ដែល​មិន​បាន​ត្រៀម​ខ្លួនទុក​ជាមុន។

ការ​កាត់​បន្ថយ​ភាព​រសាប់​រសល់​មុន​ពេល និង ​ក្នុងអំឡុងពេលប្រឡង
ក្នុងការសិក្សារ​សព្វ​ថ្ងៃ ការប្រឡង​បាន​ក្លាយ​ទៅជា​ផ្នែក​មួយ​នៃជីវិត​របស់​សិស្សានុសិស្ស​ទៅហើយ។ នៅពេល​ដែល​កម្រិត​សិក្សា​កាន់​តែ​ខ្ពស់ នោះការប្រឡង​កាន់​តែ​មាន​សារៈសំខាន់​ហើយ​កាន់តែ​លំបាក។

វា​ចៀស​មិនផុតឡើយ​សម្រាប់​សិស្សានុសិស្ស​គ្រប់រូប​ដែល​មាន​ភាពភ័យ​ខ្លាច និង​ព្រួយបារម្ភ​មុនការ​ប្រឡង​មក​ដល់។ ជួនកាល​ ការភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​ខ្លាំង​ពេក​អាច​ធ្វើឲ្យ​យើង​ធ្វើមិន​បាន​ល្អ​ក្នុង​អំឡុង​ពេល​ប្រឡង។ ដូចនេះ «គំនិត» នឹង​លើក​យក​ដំបូន្មាន​ខ្លះៗ​ក្នុង​ការ​កាត់​បន្ថយ​ភាព​រសាប់​រសល់​មុន​ពេល​ប្រឡង​ជូន​ដល់​សិស្សានុសិស្ស​ដែលមាន​ដូច​ខាងក្រោម៖

១-ត្រៀម​ការ​សិក្សា​ឲ្យបាន​ច្រើន​ថ្ងៃ​តាម​ដែលអាច​ធ្វើទៅបាន​មុនការ​ប្រឡង​ព្រោះថា ការ​ប្រឡង ឆមាស Midterm ឬ Final ត្រូវ​ការ​​រយៈ​ពេល​ច្រើន។ ចូលចង​ចាំថា ការ​ខិត​ខំរៀន​យ៉ាង​វក់វី​មុន​ពេល​ប្រឡង​មួយ​ថ្ងៃ​ មិនអាចជួយ​អ្នកបាន​ឡើយ​ហើយ​ថែមទាំង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​រសាប់​រសល់​ជាមួយ​ការ​ប្រឡង​ទៀត​ផង។ អ្នកគួរ​មើល​មេរៀន​ឡើង​វិញក្នុងកម្រិត​បន្តិច​ម្តងៗ ហើយ​បង្កើន​ចំនួន​ការ​មើល​ឲ្យ​បានច្រើន​នៅ​ពេល​ការ​ប្រឡង​ខិត​ចូល​មកដល់។ អ្នក​នឹង​ភ្ញាក់​ផ្អើល​ចំពោះ​អ្វី​ដែល​អ្នកបាន​មើល។

២-មើល​ការចង្អុរ​បង្ហាញ​របស់​មេរៀន​ឲ្យ​បាន​ម៉ត់ចត់។ មានសិស្ស​ជាច្រើន​ដែលមើល​រំលង​ចំនុច​នេះ ដោយពួកគេ​ចាប់​ផ្តើម​តែម្តង​ទៅកាន់​ការ​ធ្វើ​លំហាត់។ ទង្វើរនេះ​អាច​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​ធ្វើ​ខុស​ជាទីបំផុត ហើយ​ជួនកាល​ពួក​គេ​ត្រូវ​ចំណាយ​ពេលជាច្រើន​ក្នុង​ការ​ធ្វើ​លំហាត់​ម្តង​ហើយ​ម្តង​ទៀត។ អ្នក​គួរ​មើល​ការ​ចង្អុរ​បង្ហាញ និង​យល់​ពី​អ្វីដែល​គេ​ចង់​និយាយ។

៣- មើល​គំរូ​របស់សំណួរ ហើយ​ជ្រើសរើស​សំណួរ​ណាដែល​អ្នកគិត​ថា​អាចធ្វើ​បាន។ គួរ​ចាប់​ផ្តើម​ធ្វើ​ពី​សំណួរ​ស្រួល​ទៅ​លំបាក ហើយ​កុំចំណាយ​ពេល​ច្រើន​ពេក​ចំពោះ​សំណួរ​ដែលមិន​អាច​ធ្វើបាន។ អ្នក​អាច​រំលង​សំណួរ​ដែល​អ្នក​ធ្វើ​មិន​ចេញ ហើយ​កត់​ចំណាំ​សម្រាប់​សួរ​មិត្ត​ភ័ក្តិ​ ឬលោក​គ្រូ​អ្នកគ្រូ​មុន​ថ្ងៃ​ប្រឡង​មក​ដល់។

៤-អ្នកគួរ​ទទួលទាន​ដំណេក​ឲ្យបាន​ល្អ​មុនថ្ងៃ​ប្រឡង​ អ្នកជំនាញចិត្តវិទ្យា​ខាងផ្នែក​សិក្សាអប់រំ​ជាច្រើន​បានអះអាង​ថា អ្នកមិនគួរ​រៀន​នៅពេល​យប់មួយថ្ងៃ​មុន​ថ្ងៃ​ប្រឡង​ឡើយ។ អ្នកគួរ​តែ​សម្រាក​យក​កម្លាំង​វិញ បើចាំបាច់ត្រូវតែរៀនអ្នកអាច​មើល​តែចំណុច​សំខាន់ៗ​បានហើយ។

៥-​ក្នុង​អំឡុង​ពេល​ប្រឡង កុំស្លន់​នៅពេល​ឃើញ​សំណួរ​ដែល​អ្នក​មិន​ចេះ។ អ្នកគួរ​រំលង​វា​ ហើយ​អាច​ត្រឡប់​មក​មើល​វា​វិញ​នៅពេល​ក្រោយ។ អ្នកគួរ​ផ្តោត​ទៅលើ​សំណួរ​ដែលអាច​ធ្វើ​បាន​ ហើយ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ដោះស្រាយ។ កុំ​កើត​ទុក្ខ​ពីសំណួរ​ដែលអ្នក​មិនអាច​ធ្វើបាន​ ព្រោះ​ថា​វា​អាច​ជះ​ឥទ្ធិពល​ដល់​សំណួរ​ដែលអ្នកចេះធ្វើ។

កាត់បន្ថយភាពភ័យខ្លាចលើវេទិកាពេលធ្វើ​បទបង្ហាញ

ក្នុងការសិក្សា ឬ ការធ្វើការ​គឺចៀស​មិន​ផុត​ឡើយ​ពីការ​ធ្វើ​បទបង្ហាញ។ ដើម្បី​ធ្វើ​បទបង្ហាញ​មួយ​ឲ្យបានល្អ គឺវាទាមទារការ​រៀបចំ និង ការបង្ហាញ​យ៉ាង​ម៉ត់ចត់​ហើយ​ទាក់ទាញ។ ហើយ​កត្តា​មួយ​ដែល​យើង​ជួប​ប្រទះ​ជា​ញឹកញាប់នោះគឺ​ភាពភ័យខ្លាច​នៅលើ​វេទិកា។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែលជួយឲ្យអ្នកកាត់បន្ថយភាពភ័យខ្លាចលើវេទិកា ៖

-​កុំតក់ស្លត់ព្រោះថាអ្នកចូលរួម​យល់​ពីអារម្មរណ៍​របស់អ្នកដូចនេះ ពួកគេ​នឹង​លើក​លែង​រាល់​កំហុស​ឆ្គងបន្តិចបន្តួច។

-បង្ហាញ​ពីភាព​ពិត​របស់អ្នកដោយបន្ធូរ​អារម្មណ៍ ដូចជា​ដក​ដង្ហើម​វែងៗ ឬ​ ក៏​ដើរចុះឡើងមុន​ពេល​ធ្វើបទបង្ហាញ។

-ពិភាក្សាជាមួយមិត្តភ័ក្រ្ត​របស់អ្នកអំពីភាពភ័យ​ខ្លាច​របស់អ្នក និង​ឲ្យ​ពួកគេ​ជួយ​ផ្តល់​យោបល់។

-អ្នក​អាចនឹង​ស្លន់ ហើយ​មានភាពតានតឹងជា​លក្ខណៈរាងកាយ។ ដូចនេះអ្នកគួរ​ដើរ​មើល​កន្លែង​ធ្វើបទបង្ហាញ​ដូចជា​វេទិការ និង​ឧបករណ៍ជាមុនដើម្បីឲ្យស៊ាំទៅនឹងបរិយាកាសជុំវិញខ្លួន។

-ចៀស​វាង​ការទន្ទេញ​អ្វី​ៗដែលអ្នក​នឹង​ត្រូវ​និយាយក្នុង​បទបង្ហាញ ពី​ព្រោះ​អ្នកអាច​នឹងភ្លេច ហើយគិត​អ្វី​មិនឃើញនៅ​ពេល​កំពុងធ្វើ​បទបង្ហាញដែលធ្វើឲ្យ​អ្នក​ស្លន់​និង​កាន់តែ​ភ័យ​ខ្លាច​វេទិកា។

-ត្រៀមខ្លួន​ និង​ ធ្វើបទបង្ហាញសាកល្បងជាកត្តា​សំខាន់​បំផុត។ យ៉ាងហោចណាស់​ត្រូវសមពីរ ឬបីដង​នៅចំពោះ​មិត្ត​ភ័ក្ត្រ ឬ បងប្អូន​ ដូចជាការធ្វើបទបង្ហាញមែនទែន​អញ្ចឹង។

-បង្កើនការជឿជាក់លើវេទិកាតារយៈការសម្លឹងមើល (Eyes contact) អ្នកចូលរួមណាដែលអ្នកយល់ថាផ្តល់ភាពកក់ក្តៅដល់អ្នក ។

សុភាសិត​ជំរុញ​គំនិត​ពី​មនុស្ស​ល្បីៗ​លើលោក (ភាគ ១)

១ អ្នក​នឹងអាច​ទទួល​បាន​អ្វីៗ​គ្រប់យ៉ាង​នៅពេល​ដែល​អ្នក​ហ៊ាន​លះបង់​ជំនឿ​ដែល​អ្នក​តែង​គិតថា​​អ្នកមិនអាច​ធ្វើ​បាន “Robert Anthony”​ ។

២ ភាពជោគជ័យ​មិនមែន​ជា​កូនសោ​រទៅរក​សុភមង្គល​ឡើយ ប៉ុន្តែ​សុភមង្គល​ជា​កូនសោរ​ទៅ​រក​ភាពជោគជ័យ ។ បើ​អ្នក​ស្រលាញ់​នូវអ្វី​ដែល​អ្នក​កំពុង​ធ្វើ​នោះ​អ្នក​នឹង​ទទួល​បាន​ភាពជោគជ័យ​ជាមិន​ខាន់ “Albert Schweitzer” ។

៣ អ្វីៗ​ដែល​អ្នក​អាច​រាប់បាន​កុំរាប់​ រីឯ​អ្វីៗ​​ដែលអ្នក​មិនអាច​រាប់​បាន​អ្នក​ត្រូវ​តែរាប់ “Albert Einstein” ។

៤ អ្នក​ដែល​មិន​អាច​ផ្លាស់ប្តូរ​គំនិតខ្លួន​ឯង​បានគឺមិន​អាច​ផ្លាស់ប្តូរ​អ្វីៗ​បាន​ទាំង​អស់ “George Bernade Shaw” ។

៥ ការបរាជ័យ​ជាច្រើន​របស់​មនុស្ស​កើតឡើង​ដោយសារ​តែ​គេ​មិន​បានដឹង​ថា​ភាពជោគជ័យ​របស់​​គេ​ខ្វះ​តែ​បន្តិចប៉ុណ្ណោះ ប៉ុន្តែ​គេ​បែរជាទទួល​យក​ការ​ចុះចាញ់​មុន​ទៅ​វិញ “Thomas Edison” ។

តើធ្វើយ៉ាងម៉េចដើម្បី​ប្រើប្រាស់​ពណ៌​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​អារម្មណ៍​?

ពណ៌​គឺអាចធ្វើ​អោយ​ចិត្តសាស្ត្រ​​របស់​មនុស្ស​ផ្លាស់ប្តូរ​បាន។ វា​អាច​ធ្វើ​អោយ​អារម្មណ៍​របស់​មនុស្សល្អ ឬ​អាក្រក់នៅ​ពេលដែលយើង​បាន​ឃើញ​វា។ ​តើ​អ្នក​ដែលមានអារម្មណ៍​មិន​ស្រណុក​នៅ​ពេល​ដែល​អ្នក​ពាក់​សម្លៀក​បំពាក់​ជាមួយ​នឹង​ពណ៌​ណា​មួយ​ ឬ​ក៏​ស្ថិត​នៅ​ក្នុង​បន្ទប់​មួយ​ដែល​មាន​ពណ៌ផ្សេងៗ​ដែរ​ឬទេ?​ តើ​មាន​ពណ៌​អ្វី​ខ្លះ​ដែល​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ស្រស់​ថ្លា? ពណ៌​សម្លៀក​បំពាក់ និង​ពណ៌​ដែល​នៅជុំ​វិញ​ខ្លួន​យើង​អាច​ធ្វើ​អោយ​ប៉ះ​ពាល់ និងបញ្ចាក់​នូវ​អារម្មណ៍​ក្នុង​ចិត្ត​របស់​យើងបាន។ ដូចនេះ គេហទំព័រគំនិត​នឹង​ណែនាំ​អំពី​ការ​ប្រើ​ប្រាស់​ពណ៌​ដើម្បី​ធ្វើការ​កាត់​បន្ថយ​ភាព​តាន​តឹង(Stress) និង​ធ្វើ​អោយ​អារម្មណ៍​ខាង​ក្នុង​របស់​យើង​មាន​ភាព​ស្ងប់ល្អ។

១- ពណ៌​ផ្កា​ឈូក​គួរ​តែ​មាន​នៅ​ជុំ​វិញ​ខ្លួន​អ្នក។ វា​គឺជា​ពណ៌​ដែល​ធ្វើ​អោយ​មាន​សេចក្តី​ស្ងប់​សុខ​ល្អ។ អ្នក​គួរ​តែ​បិទ​ពណ៌​ផ្កា​ឈូក​តូចៗ​នៅ​ជុំ​វិញ​គេហដ្ឋាន​របស់អ្នក ដើម្បី​បង្កើត​បរិយាកាស​ស្ងប់សុខ។ អ្នក​អាច​បិទ​ពណ៌​នេះ នៅ​តាម​បន្ទប់​ទឹក បន្ទប់​គេង ឬ​ទី​កន្លែង​ផ្សេងៗ​ទៀត។ អ្នក​គួរ​ពាក់​អាវ​យឺត​ ឬក៏​គ្រឿង​អលង្កា​ពណ៌​ផ្កាឈូក​ដើម្បី​ធ្វើ​អោយ​ថាម​ពល​ក្នុង​ខ្លួន​របស់​អ្នក​មាន​តុល្យភាព និង​លើក​កម្ពស់​ភាព​ស្ងប់​សុខ​នៅក្នុង​ចិត្ត។

២- បន្ថែម​ពណ៌​លឿង​នៅ​ក្នុង​ជីវិត​របស់​អ្នក នៅ​ពេលដែល​អ្នក​មា​នអារម្មណ៌​មិន​ល្អ។ ពណ៌​លឿង​គឺជា​ពណ៌​ដ៏ល្អ​ដែល​អាច​ជួយ​អោយ​សតិ​របស់​អ្នក​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ និង​ជួយ​កាត់បន្ថយ​​ការ​បាក់​ទឹកចិត្ត។

៣- ជ្រើស​រើស​ពណ៌ខៀវ​ដើម្បី​ធ្វើ​អោយ​បិរស្ថាន​ជុំវិញ​ខ្លួន​របស់​អ្នកមាន​សភាព​ស្ងប់​ស្ងាត់​ល្អ និង​ដើម្បី​អោយ​ធ្វើ​អោយ​ដំណេក​របស់​អ្នក​មាន​ភាព​សុខស្រួល។ ពណ៌ខៀវគឺជា​ពណ៌​​ដែល​ធើ្វ​អោយ​អ្នក​មាន​ភាព​ស្រណុក​ក្នុង​ចិត្ត​ និង​ស្ងប់​ស្ងាត់​ល្អ។ ប្រសិនបើអ្នក​មាន​បញ្ហា​នឹងការ​គេង​មិន​លក់ អ្នក​អាច​ដាក់​តាំង​ពណ៌​ខៀវអោយបានច្រើន​នៅ​ក្នុងបន្ទប់​គេង​របស់​អ្នក។ អ្នក​អាច​ដាក់​កម្រាល​ពូក​ពណ៌ខៀវ និង​ពាក់​សម្លៀក​បំពាក់​គេង​យប់​ពណ៌នេះដើម្បី​ជាជំនួយ​អោយ​អ្នក​ឆាប់​គេង​លក់ និង​ប្រកប​ដោយ​ភាព​សុខ​ស្រួល។ សម្លៀក​បំពាក់​ពណ៌ខៀវ​ក៏ជា​ជម្រើស​ដ៏​ល្អ​នៅ​ពេល​ដែល​អ្នក​ត្រូវ​ធ្វើការ​ថ្លែង​សន្ទរកថា​នៅទី​សាធារណៈ ព្រោះ​ថា​វាជាពណ៌ដែលលើក​កម្ពស់​អោយ​មាន​ទំនាក់​ទំនង​ល្អ។

៤- គួរ​បន្ថែម​ពណ៌​បៃ​តងខ្លះៗទៅ​ក្នុង​បរិស្ថាន​ជុំវិញ​ខ្លួន​របស់អ្នក និង​ទូរខោអាវ។ ពណ៌​បៃតង​គឺជាពណ៌​ដែល​ធ្វើ​អោយ​ចិត្ត​របស់​អ្នក​មាន​សភាព​ធូរស្រាល។ វាជាពណ៌​ដែល​បង្កើន​ភាព​ស៊ី​គ្នា និង​កាត់បន្ថយ​ការភ័យ​ខ្លាច។ អ្នក​អាច​តុបតែង​ផ្ទះ​របស់​អ្នក​ជាមួយ​ពណ៌នេះដោយ​ការ​ដាំ​ដើមឈើ ឬ​ដាក់​តាំង​វត្ថុ​ផ្សេងៗទៀត។ ប្រសិន​បើអ្នក​មាន​អារម្មណ៍​ស្មុគស្មាញ អ្នកគួរ​តែ​ពាក់​សម្លៀក​បំពាក់​ណា​ដែល​មាន​ពណ៌​បៃ​តង។

៥- អ្នក​គួរ​តែ​មាន​ពណ៌​ស្វាយ​ខ្លះ​នៅ​ក្នុង​ជីវិត​របស់​អ្នក។ ពណ៌ស្វាយ​គឺជា​ពណ៌ប្រកប​ដោយ​គតិបណ្ឌិត សន្តិភាព​ និង​ភាព​រឹងមាំ។ អ្នក​គួរ​តែ​ពាក់​ពណ៌​នេះ​មិន​ថា ជាសម្លៀក​បំពាក់​ឬគ្រឿង​អលង្ការនោះទេ ដើម្បី​ធ្វើ​អោយ​អារម្មណ៍​ខាង​ក្នុង​របស់​អ្នក​មាន​ភាព​ស្ងប់​ស្ងាត់។ ដាក់​តាំង​ពណ៌នេះ​នៅ​ក្នុង​គេហដ្ឋាន​ដើម្បី​បង្កើត​បរិស្ថាន​ដែល​ប្រកប​ដោយ​សេចក្តី​សុខ។

៦- ជ្រើសរើស​ពណ៌​ដើម្បី​ភាព​ស្អាត អារម្មណ៍​ស្រស់​ថ្លា និងភាព​បរិសុទ្ធ។ ការ​ស្លៀក​សម្លៀក​ពណ៌ស​នឹង​ធ្វើ​អោយ​គំនិត​របស់​អ្នក​មាន​ភាព​ស្រស់​ថ្លាជានិច្ច។ អ្វី​ដែល​ពិសេស​សម្រាប់​ពណ៌ស​នោះ​គឺ វា​ស៊ី​នឹង​ពណ៌ផ្សេងៗ​ទៀត​ស្ទើរ​គ្រប់​ពណ៌។ ចូរចាំថា អ្នក​ត្រូវ​រក្សារ​ពណ៌​នេះ​អោយ​បាន​ល្អកុំ​អោយ​ប្រឡាក់​អោយ​សោះ បើពុំ​នោះ​ទេ វា​នឹង​ប៉ះពាល់​ដល់​

ទ្រឹស្តី​នៃ​ស្នេហា

អ្នកចិត្ត​វិទូ និង​អ្នក​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​នូវ​ទ្រឹស្តី​ផ្សេងៗ​គ្នា​ជាច្រើនអំពី​ស្នេហា។ ស្នេហា​គឺ​ជា​តម្រូវការ​ដ៏ចាំ​បាច់​មួយ​សម្រាប់​មនុស្ស​លោក​យើង​នេះ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺវា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​ក្នុង​ការ​ចង់ដឹង​ថា ហេតុអ្វី​បាន​ជា​ស្នេហា​មាន​នៅ​លើលោក​យើង​នេះ? ជាក់ស្តែង​ រយៈពេលកន្លង​មក​ មាន​មនុស្ស​ជាច្រើនបាន​ធ្វើការ​លើក​ឡើង​ថា ស្នេហាគឺជាអ្វីដែល​វិទ្យា​សាស្ត្រ​មិនអាចយល់ និង​ពិបាក​នឹងបកស្រាយ។ថ្ងៃនេះ គេហទំព័រគំនិត​នឹង​លើក​យក​ទ្រឹស្តី​ចំបង​ៗ​ចំនួន​៤ ដើម្បី​ធ្វើការ​បកស្រាយអំពីអ្វីៗ​ដែល​ទាក់​ទង​ទៅ​នឹង​សេចក្តីស្នេហាដូចជា សេចក្តី​ចូលចិត្ត(like)​ សេចក្តីស្រឡាញ់(Love) និង​អារម្មណ៍ជាប់ជំពាក់

តើ​ស្នេហា​មាន​ទំនាក់ទំនង​​នឹង​​គីមី​ដែរ​ឬទេ?

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​រីករាយ រំភើប ឬ បេះដូង​លោត​ញាប់​ខុស​ពី​ធម្មតា​នៅ​ពេល​អ្នក​មាន​ស្នេហា​ ឬ លួច​ស្រលាញ់​នរណា​ម្នាក់ដែរឬទេ? ​ តើ​អ្នក​ដឹង​ថា​នេះ​បណ្តាល​មក​ពី​អ្វី​ទេ ?

ខាងក្រោម​នេះ​ជា​សារធាតុ​គីមី​ដែល​បង្ករ​អោយ​អ្នក​មាន​អារម្មណ៍​ផ្សេងៗ​នៅ​ពេល​អ្នក​មាន​ជាប់​ទាក់ទង​នឹងស្នេហា​​៖

១. សារធាតុ ​”ហ្វេនីលអេទីលអាមីន” (Phenylethylamine ឬ PEA): ជា​ប្រភេទ​សារធាតុ​អាមីន​ដែល​កើត​ឡើង​ដោយ​ឯងៗ​នៅ​ក្នុង​ខួរក្បាល ឬ អាច​មាន​នៅក្នុង​ប្រភេទ​អាហារ​ខ្លះ​ដូចជា ស្ករសូកូឡា ។ វា​ជា​សារធាតុ​បង្កើន​កំលាំង ឬ ទឹកចិត្ត​ដែល​បង្ករ​ឲ​មាន​ការ​បញ្ចេញ “Norepinephrine ឬ Dopamine”​នៅក្នុងខួរក្បាល ។ ​សារធាតុ​នេះ​កើត​មាន​នៅ​ពេល​អ្នក​មាន​ស្នេហា​ហើយ​វា​ធ្វើ​ឲអ្នក​រំភើប និង រីករាយ ។

២​. Norepinephrine: នៅ​ពេល​សារធាតុ “PEA” បញ្ចេញ​សារធាតុ​នេះ​អ្នក​នឹង​បែក​ញើស​ចុងដៃ​ចុងជើង និង បេះដូង​លោត​ញាប់​ខុសពីធម្មតា ។

​៣. Dopamine: ជា​ប្រភេទ​អ័រម៉ូន​ប្រសាទ​ដែល​ជាប់​ទាក់ទង​នឹង​ការ​ជ្រើស​រើស​ដៃ​គូរ​ស្នេហា ។ នៅ​ពេល​អ្នក​លួច​ស្រលាញ់​នរណា​ម្នាក់​ហើយ​ចង់​បាន​គេ​ធ្វើ​ជា​សង្សារ​នោះ​មាន​ន័យ​ថា​ខួរក្បាល​របស់​អ្នក​កំពុង​បញ្ចេញ​អ័រម៉ូនDopamineហើយ​។

៤. Oxytocin: Dopamine​ជា​អ្នក​ជំរុញ​អោយ​មាន​សារធាតុ​នេះ​ហើយ​វា​កើតឡើង​នៅ​ពេល​មាន​ការ​ប៉ះពាល់គ្នា ។

៥. Endorphins: នៅ​ពេល​ខួរក្បាល​អ្នក​ទទួលបាន​នូវ​ភាព​រំភើប​ពី​ស្នេហា​​នោះ​វា​នឹង​បញ្ចេញ​សារធាតុ Endorphins នេះ ។​ វា​ជា​សារធាតុ​ដែល​ធ្វើ​ឲ​យើង​មាន​អារម្មណ៍​ស្និតស្នាល និង សុខស្រួល​ជាមួយ​អ្នក​ដែល​យើង​ស្រលាញ់ និង​ ជា​អ័រម៉ូន​ដែល​កាត់​បន្ថយ​ការឈឺចាប់​ និង បំបាត់​ភាពតានតឹង ៕

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: