កំសាន្តប្លែកៗ

ការពិត ១០​ យ៉ាង​ដែលអ្នក​នឹក​ស្មាន​មិនដល់!!!

Lighter Heart

រីក​រាយ​ជាមួយ​នឹង​ក្រាហ្វ​បេះ​ដូង​របស់ Google
រូប​មន្ត​នៃ​សេចក្ដី​ស្នេហ៍​គឺ​ពិត​ជា​មិនមាន​នោះ​ទេ​នៅ​ក្នុង​ពិភព​លោក ប៉ុន្ដែ​អ្នក​នឹង​អាច​រីក​រាយ​ជាមួយ​នឹង​វាបាន​ផង​ដែរ​​តាម​រយៈ​ Google។ អ្នកគ្រាន់​តែ​វាយ​រូប​មន្ត​ខាង​ក្រោម​នេះ នៅ​ក្នុង​ប្រអប់​ស្វែងរក (search) របស់ Google ប៉ុណ្ណោះ​។

នេះ​គឺ​ជា​រូប​មន្ត​​ដែល​អ្នក​ត្រូវ​វាយ (sqrt(cos(x))*cos(400*x)+sqrt (abs(x))-0.4)*(4-x*x)^0.1 ។​

រំពេច​នោះ អ្នក​នឹង​ភ្ញាក់​ផ្អើល​ជា​មិនខាន ដោយ​សារ​តែ Google នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​បេះ​ដូង​ដែល​ចេញ​ពី​រូប​មន្ត​ខាងលើ។ ចង់​ដឹង​ការ​ពិត សូមកុំភ្លេច​​សាក​ល្បង​ដោយ​ខ្លួនអ្នក​ផ្ទាល់។

គួរ​បញ្ជាក់​ផង​ដែរ​ថា រូប​ភាព​ក្រាហ្វ​បេះ​ដូង​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា “nerd heart”។ វា​គឺ​ជា​រូប​ក្រាហ្វ​ដែល​បង្កើត​ឡើង​ដោយ Google បន្ទាប់​ពីក្រុមហ៊ុន​មួយ​នេះ​បាន​បញ្ចេញនូវ​មុខ​ងារ​ថ្មី​នៃ​ប្រអប់​ search កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ ។

យោង​តាម​ Geekosystem បាន​ឲ្យ​ដឹង​ថា ទៅ​ថ្ងៃ​អនាគត រូប​ភាព​ដែល​ចេញ​ពី​រូប​មន្ត​ផ្សេង​ទៀត នឹង​អាច​កើត​មាន​ផង​ដែរ​។ ជាមួយ​នឹង​សមត្ថភាព​ដែល​ទាក់​ទង​នឹង​គណិត​វិទ្យា​នេះ អ្នក​ក៏​អាច​ធ្វើ​រូប​ក្រាហ្វ​បែប​កំប្លែង​ផ្សេង​ៗ​ទៀត ដូច​ជា​រូប មនុស្ស​ប្រចៀវ​ដូច​ក្នុង​រូប​ខាង​ក្រោម​នេះ​ជា​ដើម​។

ក្មួយ​ប្ដឹង​ពូ ដោយ​សារដាក់​​រូប​ថតក្នុង​​ Facebook

អ្នក​ប្រើ​ប្រាស់​ Facebook ស្ទើ​តែ​គ្រប់​គ្នា សុទ្ធ​តែ​ទទួល​បាន​នូវ​ការ tag រូប​ថត​ឲ្យ​ពី​សំណាក់​មិត្ត​ភក្ដិ​ក្នុង​ Facebook ដទៃ​ទៀត ដែល​ក្នុងនោះ​ក៏​មាន​រូប​ភាព​មិន​គប្បី​ខ្លះ​ផង​ដែរ ប៉ុន្ដែ​មិនមាន​អ្នក​ណា​គេ​ប្ដឹង​គ្នា​ដោយ​សារ​ការ​ tag រូប​ថត​នេះ​ទេ​។

បុរស​ម្នាក់​ដែល​រស់​នៅ Minneapolis ឈ្មោះ Eric Olson បានដាក់​ពាក្យ​បណ្ដឹងប្ដឹង​​ពូ​បង្កើត​របស់​ខ្លួន​ ឈ្មោះ Randall LaBrie ដោយ​សារ​តែរូប​ថត​ក្នុង Facebook។

រឿង​ហេតុដំបូង​​បាន​កើត​ឡើង​ ដោយ​សារ​តែ លោក LaBrie បាន​ដាក់​រូប​ថត​ពី​កុមារ​ភាព​នៃ​​ក្មួយ​របស់​គាត់​ Olson ដែល​កំពុង​ឈរ​នៅ​មុខ​ដើម គ្រីស្ដ​ម៉ាស់​ ព្រម​ទាំង​សរសេរ comment ផ្សេង​ៗ​ទាក់​ទង​នឹង​រូប​នោះ​។ ក្រោយ​ពី​បាន​ឃើញ​ពូ​របស់​ខ្លួន tag រូប​នោះ​ឲ្យ Olson មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ហើយ​បាន​ប្ដឹង​ពូ​របស់​ខ្លួន​នោះ ដោយ​ចោទ​ថា​ បំពារ​បំពាន​លើ​ខ្លួន​គាត់​។

ប៉ុន្ដែ​ការ​ដាក់​ពាក្យ​បណ្ដឹង​នោះ មិន​បាន​អំណោយ​ផល​ដល់ Olson នោះ​ទេ ដោយ​សារ​តែ​មិន​ត្រឹម​តែ​ចាញ់​នៅ​សាលា​ដំបូង​នោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ចាញ់​នៅ​តុលាការ​ឧទ្ធរណ៍​ផង​ដែរ​។

តុលាការ​ឧទ្ធរណ៍ ឬ​សាលា​ឧទ្ធរណ៍ បានបញ្ជាក់​ថា Comment ដែល​ Olson ចោទ​ថា មិន​គោរព​សិទ្ធិ​នោះ គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ហើយ​រូប​ថត​នោះ ក៏​មិន​បំពាន​ដល់​សុវត្ថិ​ភាព សន្ដិសុខ​ និង​ភាព​ជា​ឯក​ជន​របស់ Olson នោះ​ដែរ​។

ករណី​នេះ​ អាច​ជា​បទ​ពិសោធន៍​ថ្មី​មួយ​ទៀត សម្រាប់​អ្នក​លេង​ហ្វេសប៊ុក​ឲ្យ​មាន​ការ​ប្រយ័ត្ន​ប្រយែង​មុន​នឹង​សម្រេច​ចិត្ត​យក​រូប​អ្នក​ណា​គេ​មក​ដាក់ ព្រោះ​អាច​ត្រូវ​បាន​គេ​ប្ដឹង​ដូច​ករណី​នេះ​។

តើកុំព្យូទ័ររបស់អ្នកជាសុភាពបុរស ឬក៏នារី?

អ្នក​ប្រាកដ​ជា​ឆ្ងល់​ហើយ​មែនទេនៅពេលដែល​ឃើញ​នូវ​ចំណង​ជើង​មួយ​នេះ? កុំព្យូទ័រ​គឺជា​ឧបករណ៍​អេឡិចត្រូនិក​ដែលគ្មាន​វិញ្ញាណ​តើ​វា​មាន​ភេទ​មកពី​ណាទៅ? ប៉ុន្តែ​ថ្ងៃ​នេះ «គំនិត​» នឹង​ពាំនាំ​នូវ​វិធី​មួយជូន​ដល់​ប្រិយមិត្ត​ពីវិធី​សាក​សួរ​ភេទ​កុំព្យូទ័រ។ ដើម្បី​ឲ្យ​ដឹង​ថា​កុំព្យូទ័រ​របស់អ្នក​ជាភេទ​ស្រី​ឬក៏ ភេទ​ប្រុស​នោះ សូមធ្វើតាមវិធី​ណែនាំ​ខាង​ក្រោម៖

ជំហាន​ទី១: បើក​កម្មវិធី Notepad (Window–>All Programs–>Accessories–>Notepad)

ជំហានទី២: នៅក្នុង​ទំព័រ​Notepadនោះ ចូរ​សរសេរ: CreateObject(“SAPI.SpVoice”).Speak”i love you”

ជំហានទី៣: បន្ទាប់ធ្វើការ​រក្សាទុក​ដោយចុច​លើ FileàSave As… រូច​វាយ​ computer_gender.vbs (អ្នកអាចដាក់ឈ្មោះអ្វីក៏បានដែរ​ឲ្យ​តែextensionវាគឺ​ .vbs) ហើយ​ចុច​Save។

ជំហាន​ទី៤: ​ចុច​ពីរដង(Double Click)លើ​ computer_gender.vbs ដែលអ្នកទើប​តែ​រក្សា​ទុក​នៅពេល​មុន​នេះបន្តិច។

ប្រសិនបើអ្នក​ឮ​នូវ​សម្លេង​បុរស​និយាយ នោះ​កុំព្យូទ័រ​របស់អ្នក​គឺជា​សុភាព​បុរស។ ផ្ទុយ​ទៅវិញ​ប្រសិនបើអ្នកឮ​សម្លេង​ស្រីនិយាយនោះ កុំព្យូទ័រ​របស់អ្នកគឺ​ជា​សុភាព​នារី។ តើ​នៅចាំ​អីទៀត សាក​ល្បង​ធ្វើសាក​មើល? តើ​កុំព្យូទ័រ​ដែលអ្នក​ប្រើប្រាស់​រាល់ថ្ងៃ​គឺជា​សុភាពបុរស​ឬ​ក៏នារីនោះ? កុំភ្លេច​ប្រាប់​ផងណា

ច្បាប់​ចម្លែក​ៗទាំង ១០ ជុំវិញ​ពិភពលោក (ភាគ ១)

១ នៅក្នុង​ប្រទេស​ថៃ​ មិនស្លៀក​ខោ​ក្នុង​នៅ​ពេលចេញពីផ្ទះគឺខុស​ច្បាប់។

២ នៅក្នុង​ប្រទេស​ជប៉ុន ប្រសិនបើអ្នកមិនស្ថិត​នៅក្នុង​អំឡុង​ពេល​កាន់ទុក្ខ វាខុស​ច្បាប់​បើ​សិន​ជាអ្នកស្លៀកពាក់ពណ៌ស្វាយ ។

៣​ នៅ​ម៉ាដាហ្កាស្កា ស្រ្តី​មាន​គភ៌​បើ​ពាក់​មូក គឺ​ខុសច្បាប់ ។

៤ អ្នក​អាច​ត្រូវ​ចាប់ខ្លួន​នៅ​អ៊ីតាលី ប្រសិន​បើ​អ្នក​មិន​យក​វិក័យប័ត្រ​បន្ទាប់​ពី​បង់ប្រាក់​រួច​ក្នុង​ភោជនីយដ្ឋាន​អ៊ីតាលី ។

៥ ក្នុង​ប្រទេស​ហ្វាំងឡង់ដ៍ អ្នក​ត្រូវ​ចេះ​អាន​ ដើម្បី​រៀប​អាពាហ៍ពិពាហ៍​បាន ។

៦ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ មាន​តែ​ជាង​អគិ្គសនី​ដែល​មាន​លិខិត​បញ្ជាក់​តែ​ប៉ុណ្ណោះ​ ទើប​អាច​ប្តូរ​អំពូល​ភ្លើង​ខូច​បាន ។ អ្នក​ដែល​រំលោភ​អាច​នឹង​ត្រូវ​ពិន័យ​ជាប្រាក់​ប្រមាណ ១០ ដុល្លារ ។

៧ នៅ​ប្រទេស​លីបង់​ បុរស​អាច​រួមភេទ​ជាមួយ​សត្វ​ញី​ទាំងឡាយ តែ​មិន​អាច​រួមភេទ​ជាមួយ​សត្វ​ឈ្មោល​ឡើយ ។

៨ នៅ​ហុងកុង ប្រពន្ធ​ស្របច្បាប់​មាន​សិទ្ធិ​សម្លាប់​ប្ដី​ផិត ក្នុង​ល័ក្ខខ័ណ្ឌ​នាង​ប្រើ​តែ​ដៃ​ទទេ​ គ្មាន​អាវុធ ។ នាង​អាច​សម្លាប់​ស្រីកំណាន់​របស់​ប្ដី​ខ្លួន​ដោយ​វិធី​អ្វី​ក៏​បានដោយ​មិន​ខុសច្បាប់ ។

៩​ ម្ចាស់​កម្មសិទ្ធិ​សត្វ​គោមិន​អាច​ធ្លាក់​ខ្លួន​ស្រវឹង​បាន​ទេ​ នៅប្រទេស​ស្កុដឡងដ៍ ។

១០ នៅ​ចក្រភព​អង់គ្លេស​ វា​ខុសច្បាប់​បើ​ស្លាប់​ក្នុង​សភា ។

សូមបញ្ជាក់​ថាច្បាប់ទាំងនេះ​អាច​មិន​ត្រូវបានគេយក​មកអនុវត្តន៍ ហើយមិន​មានការផ្តន្ទាទោស​ ឬ ការផាកពិន័យ ប៉ុន្តែច្បាប់​ទាំងនេះ​សុទ្ធតែ​បានចែង​យ៉ាងច្បាស់ក្នុង​ច្បាប់របស់ប្រទេស​នោះ ។

ដកស្រង់ និង កែសម្រួលពី : Iphone application, amazing facts

ស្វែងយល់​ការពិត ១០ យ៉ាង​អំពី​ធាតុអ៊ីដ្រូសែន

១​ ធាតុអ៊ីដ្រូសែនមាន​លេខរៀង​ទី ១ នៅក្នុង​តារាងធាតុ​គីមី ដូចនេះ​អ៊ីដ្រូសែន​ជាធាតុ​ដែលមាន​លេខអាតូម ១ ឬ មាន​​ប្រូតុងមួយ​ក្នុងអាតូម​អ៊ីដ្រូសែននីមួយៗ ។

២ ធាតុអ៊ីដ្រូសែន​ជាធាតុ​ដែល​កកើត​មុនគេ​បង្អស់​ក្នុង​អំឡុងពេល Big Bang ។

៣ ទម្ងន់​អាតូមរបស់​ធាតុអ៊ីដ្រូសែន​ស្មើនឹង​ ១,០០៧៩៤ (amu) ដូចនេះ​វាធ្វើ​ឲ្យ​អ៊ីដ្រូសែនជាធាតុ​ដែលស្រាល​ជាងគេ​បង្អស់ ។

៤ ចំណុច​រលាយ​របស់​អ៊ីដ្រូសែន​គឺនៅ​សីតុណ្ហភាពដក ២៥៩,២ អង្សាសេ និង ចំណុច​ពុះ​នៅសីតុណ្ហភាពដក ២៥២,៧៦២ អង្សាសេ ។

៥ ឧស្ម័ន​អ៊ីដ្រូសែនគឺ​ងាយឆេះ​ជាទី​បំផុត ដូច​នេះ​វា​ត្រូវ​បានគេយក​ទៅប្រើធ្វើ​​ជាឥន្ធនៈ​សម្រាប់​ម៉ាស៊ីន​សំខាន់បំផុត​របស់​យាន្តអវកាស ។

៦ ធាតុអ៊ីដ្រូសែន​អាច​បង្កើត​បានតាមរយៈ​ការធ្វើ​ប្រតិកម្ម​រវាង​លោហៈ និង អាស៊ីត ។ ឧទាហរណ៍ ប្រតិកម្ម​រវាង​ស័ង្កសីជាមួយ​អាស៊ីតក្លរីឌ្រិក (អាគុយ) ។

៧ ទម្រង់​រូប​របស់​អ៊ីដ្រូសែននៅ​សីតុណ្ហភាព​បន្ទប់ (២៥ អង្សាសេ) និង សំពាធធម្មតា​គឺជា​ឧស្ម័ន​ដែល​គ្មាន​ពណ៌ និង ក្លិន ។

៨ គេ​អាច​យក​អ៊ីដ្រូសែនទៅប្រើប្រាស់​បានជាច្រើ​យ៉ាង ប៉ុន្តែ​ភាគច្រើន​គេយក​វាទៅប្រើ​ក្នុង​ការទាញយក​ហ្វូស៊ីលឥន្ធនៈ​ (Fossil fuel) និង ក្នុង​ផលិតផល​អាម៉ូញ៉ាក់ ។

៩ នៅក្នុង​សមាសធាតុ​ អ៊ីដ្រូសែន​អាច​ចាប់យក​បន្ទុកបូក (H+) ឬ បន្ទុកដក (H-)ក៏បាន ។

១០ អ៊ីដ្រូសែន​ជាធាតុ​ដែលសំបូរ​ជាងគេបង្អស់​ក្នុង​ចក្រវាឡដោយ​ប្រមាណ ៧៥% នៃ​ទម្ងន់​របស់​ចក្រវាឡ​គឺជាធាតុ​អ៊ីដ្រូសែន ។

តើមនុស្ស​អាចនឹង​បង្កើត​ម៉ាស៊ីន​ពេលវេលា​បានដែរ​ឬទេ ?


មនុស្ស​មួយ​ចំនួន​ធំនឹង​គិត​ថា​អ្នកឆ្កួត ឬ គិត​អ្វី​មិនបានការ​នៅពេល​ដែល​អ្នក​និយាយ​អំពី​ម៉ាស៊ីន​ពេលវេលា ។ សូមបញ្ជាក់ថា​ម៉ាស៊ីន​ពេលវេលា​មិនមែន​ជា​នាឡិកា​នោះទេ ប៉ុន្តែ​ជាម៉ាស៊ីន​ដែលអាចឲ្យ​អ្នក​ធ្វើ​ដំណើរទៅ​អតីតកាល និង អនាគតកាលបាន ។

បើ​យើងសួរ​អ្នកថា​ តើមនុស្ស​អាចនឹង​បង្កើត​ម៉ាស៊ីន​ពេលវេលាបានដែរ​ឬទេ ? មនុស្ស​ធម្មតា​ស្ទើរ​តែទាំង​អស់​នឹងឆ្លើយថា​មិនអាចទៅ​រួច​ឡើយ ។ ប៉ុន្តែ​នៅពេលដែលគេ​បន្តសួរ​ទៀតថា​ តើមូលហេតុ​អ្វី​ដែល​ធ្វើឲ្យ​អ្នកគិតថា​វាមិន​អាច​ទៅរួច​ ? មនុស្សភាគច្រើន​នឹង​គ្មាន​ចំលើយ​ឡើយ​ដោយ​គ្រាន់តែថា​ពួកគេ​ជឿលើ​សភាវៈគតិ​របស់ខ្លួន​ទៅនឹង​ច្បាប់ធម្មជាតិ​ដោយយល់​ថា​ការបង្កើត​ម៉ាស៊ីន​ពេលវេលា​គ្រាន់​តែជា​ការស្រមើល​ស្រមៃ​ប៉ុណ្ណោះ ហើយ​វានឹង​មិន​អាចទៅ​រួច​ឡើយ ។

ចំពោះ​​អ្នករូបវិទ្យាវិញយល់ឃើញថាតា​ម​ទ្រឹស្តីបទ​រូបវិទ្យា​​ការបង្កើត​ម៉ាស៊ីន​ពេលវេលា​អាចទៅរួច ហើយ​ពួកគេ​មិន​ត្រឹមតែ​យល់​ឃើញនោះទេតែកំពុង​នឹងបាន​ខិតខំ​ស្រាវជ្រាវ​ដើម្បី​បង្កើត​ម៉ាស៊ីនពេលវេលា​នោះទៀតផង ។ អ្នករូបវិទ្យានិយាយ​ថា​មានវិធី​ជាច្រើន​ដែលអាច​នាំឲ្យ​យើង​បង្កើត​បាន​ម៉ាស៊ីន​ពេលវេលាដូចជា​តាមរយៈ ប្រហោងខ្មៅ (Black hole) ការធ្វើដំណើរ​ក្នុង​ល្បឿនលឿន​ជាងពន្លឺព្រះអាទិត្យ និង តាមរយៈ Wormhole ជាដើម ។ល។ ប៉ុន្តែ​អ្នក​រូបវិទ្យា​មួយចំនួន​គិត​ថា បើទោះបីមនុស្សអាច​បង្កើតម៉ាស៊ីនពេលវេលា​បាន​ក្តី វាអាច​ឲ្យយើង​ធ្វើ​ដំណើរ​បានតែ​ទៅ​អនាគតកាល​ប៉ុណ្ណោះ ។ ពួកគេ​បានបញ្ជាក់ថា​ការធ្វើដំណើរ​ទៅ​អតីតកាល​មិនអាចទៅ​រួច​ឡើយ​ដោយសារ​តែបញ្ហាមួយដែល​គេ​ហៅថា​ “Paradox” ។

ប៉ុន្តែ​ក្នុង​អត្ថបទ​នេះ គំនិត​នឹង​ពន្យល់ត្រឹមតែ​មូលហេតុ​ ៣​ យ៉ាង​ដែល​ធ្វើ​ឲ្យអ្នក​គិត​ថា​ការបង្កើត​ម៉ាស៊ីនពេលវេលា​មិន​អាច​ទៅ​រួច ។ បើ​យើង​ត្រឡប់ទៅមើលសំណួរ​ដែលសួរ​ថា មូលហេតុ​អ្វី​បានជា​អ្នក​គិត​ថាការបង្កើត​ម៉ាស៊ីនពេលវេលា​មិនអាច​ទៅ​រួច? កត្តា​ដែល​ជំរុញ​ឲ្យ​អ្នកគិត​ដូច្នោះគឺដោយសារតែ​អ្នក​យល់ច្រឡំ ឬ មិនបាន​ដឹង​ពីច្បាប់នៃពេលវេលា ។ តាមរយៈវីគីភេឌា ពេលវេលា​គឺជា​ផ្នែក​មួយនៃ​ប្រព័ន្ធ​រង្វាស់​ប្រើសម្រាប់​រាប​លំដាប់​ព្រឹត្តិការណ៍​ដើម្បី​ប្រៀបធៀប​ថេរវេលា​និងរយៈចន្លោះ​នៃ​ព្រឹត្តិការណ៍នោះ និង​ បញ្ជាក់​ពី​ល្បឿន​នៃការផ្លាស់ប្តូរ​ដូចជា​ ចលនា​នៃវត្ថុ ។

អ្វី​ដែល​ជំរុញ​ឲ្យ​អ្នក​គិតថា​ការបង្កើតម៉ាស៊ីនពេលវេលា​មិនអាចទៅរួច​នោះដោយសារ​កត្តា ៣ យ៉ាងដែល​អ្នកយល់ច្រឡំ ឬ​ មិន​បានដឹងពី​ច្បាប់​ធម្មជាតិរបស់ពេលវេលា ។

កត្តាទាំង ៣ នោះគឺ ៖

១ យើង​មិនអាច​ធ្វើសមកាលកម្ម​ពេលវេលា​បាន​ឡើយ ក្នុង​ន័យ​នេះ​គេ​ចង់និយាយ​ថា​យើង​មិន​អាច​ធ្វើឲ្យ​ពេលវេលា​នៃចំនុចពីរ​​ដូច​គ្នាបាន​ឡើយ ។

ឧទាហរណ៍ ដោយសារ​តែ​ច្បាប់នៃ​ល្បឿនរបស់​ពន្លឺនៅពេល​ដែល​អ្នកមើល​ទៅ​ព្រះអាទិត្យ​ អ្វី​ដែល​អ្នក​បានឃើញ​ជាព្រះអាទិត្យកាលពី​ ៨នាទីមុន​ប៉ុណ្ណោះ​បើប្រៀប​ធៀប​ទៅនឹង​ពេលវេលារបស់​អ្នក​នៅលើ​ផែនដី ។ ដូចនេះ​តាមទ្រឹស្តីបទ​មួយរបស់​រូបវិទ្យា (Special Relativity) យើង​នឹងអាច​ធ្វើដំណើរ​ទៅ​អនាគតកាលបានបើ​សិន​ជាយើង​អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​ពន្លឺ​ព្រះអាទិត្យ ។

២ ល្បឿន​នៃ​ពេលវេលា​គឺមិន​ថេរ​ឡើយ ឬ អាច​និយាយ​បាន​ថាមិន​ជាក់លាក់ឡើយ ។ ​ល្បឿនរបស់​ថេរវេលា​ផ្លាស់ប្តូរ​ទៅ​តាម​ទម្ងន់​របស់​វត្ថុ​នោះ មាន​ន័យថា​របស់​កាន់​តែ​ធ្ងន់ ពេលវេលា​ដើរ​កាន់តែយឺត ។ ទាំង​នេះ​មិនមែន​គ្រាន់តែ​ជា​ទ្រឹស្តីបទ​​ឡើយ ប៉ុន្តែ​វា​ជាការពិត​ ។

តួយ៉ាងនាឡិកា​នៅជា​មួយ​ផ្កាយ​រណប (GPS) ដើរយឺត​ជាងនាឡិកា​នៅលើ​ផែនដី​ដោយសារ​តែទម្ងន់​របស់​ផែនដី​ធ្ងន់​ជាង​ទម្ងន់​របស់ផ្កាយរណប ។ ដោយសារ​ប្រហោង​ខ្មៅ (Black hole) មានទម្ងន់​ធ្ងន់មហិមា​បើប្រៀប​ធៀប​ទៅនឹង​ផែនដី ដូចនេះ​បើ​យើង​អាច​បង្កើត​ប្រហោង​ខ្មៅ​ហើយ​ធ្វើដំណើរ​ជាមួយ​ប្រហោង​ខ្មៅ​នោះបាន វា​នឹង​ធ្វើ​ឲ្យពេលវេលា​របស់យើង​ដើរ​យឺត​បើ​ប្រៀប​ធៀប​ទៅ​នឹង​ពេលវេលា​នៅ​ផែនដី ។ ឧបមាថា​យើង​ធ្វើ​ដំណើរ​ចេញ​ពីផែនដីនៅឆ្នាំ​ ២១០០ ហើយធ្វើដំណើរជាមួយ​ប្រហោង​ខ្មៅរយៈពេល​ ៥ឆ្នាំ ។ ៥ឆ្នាំ​​ ក្រោយ​មក​យើងត្រឡប់​ទៅ​ផែនដី​វិញ នៅពេលនោះ​ផែនដី​គឺមិនមែន​ឆ្នាំ ២១០៥ ទេ គឺជាឆ្នាំ ៣០០០ ទៅវិញ ។ និយាយ​ឲ្យខ្លី​គឺ​អ្នក​បាន​ធ្វើ​ដំណើរទៅ​អនាគត​កាល​ពី​ឆ្នាំ ២១០៥ ទៅឆ្នាំ ៣០០០ ។ ដែលវា​ដូច​ទៅ​នឹង​រឿង​ចិន​បុរាណ​ដែល​ថា​មួយ​ថ្ងៃ​នៅឋានសួគ៌ស្មើនឹង​មួយឆ្នាំ​នៅផែនដី ។

៣ មនុស្ស​យល់​ច្រឡំ​ថាពួកគេ​កំពុងរស់នៅក្នុង​លំហ 3D (3 dimensions) ដោយ​មិនបាន​ដឹង​ថាយើង​កំពុង​រស់​នៅ​ក្នុង​លំហ 4D (3Dនៃលំហបូក1Dនៃពេលវេលា) ។ សម្រាប់​អ្នករូបវិទ្យា​ពេលវេលា និង លំហ​គឺមាន​ទំនាក់ទំនង​និងគ្នា​ដែល​មិនអាច​ខ្វះបាន ។ អ្នក​រូបវិទ្យាគិតថា​ដោយសារ​តែ1Dនៃ​ពេលវេលាមានភាព​អាថ៌កំបាំងដែល​ធ្វើឲ្យយើង​នៅមិន​ទាន់អាច​រក​ឃើញវានៅឡើយ ប៉ុន្តែបើ​យើងអាច​រក​ឃើញ​វា (ដែលនាំដល់ការ​បង្កើត Wormhole) នោះវា​ហាក់​បីដូចជា​យើង​រក​ឃើញ​ម៉ាស៊ីពេលវេលា​អញ្ចឹង ។

ចងចាំ: យើង​នឹងពន្យល់ពី​ពាក្យ ប្រហោងខ្មៅ Paradox និង Wormhole នៅក្នុង​អត្ថបទ​មួយផ្សេងទៀត ។

ការពិត ១០​យ៉ាងដែលអ្នកនឹកស្មានមិនដល់!!!

ស្វែងយល់ការពិត ១០ យ៉ាងអំពីអុកស៊ីសែន

១ សត្វ​ និង រុក្ខជាតិ ត្រូវការ​អុកស៊ីសែន​សម្រាប់​ការ​ដក​ដង្ហើម​ចេញចូល ។

២ ឧស្ម័ន​អុកស៊ីសែល​គ្មានពណ៌ ក្លិន និង រសជាតិ​ឡើយ ។

៣ អុកស៊ីសែន​ក្នុងសភាព​រាវ និង រឹង មានពណ៌ខៀវខ្ចី ។

៤ អុកស៊ីសែន​គឺជា​អលោហៈ ។

៥ ឧស្ម័នអុកស៊ីសែន​ជាទូទៅ​ជា​អង្គធាតុ​ឌីវ៉ាឡង់​ (O2) ហើយ​អូហ្សូន (O3) ជា​ទម្រង់​មួយ​ផ្សេង​ទៀត​នៃអុកស៊ីសែន​សុទ្ធ ។

៦ អុកស៊ីសែន​ជំរុញ​ការ​ឆេះ (ភ្លើង) ។

៧ ប្រហែល​ ២/៣ នៃ​ទម្ងន់​របស់​រាងកាយ​មនុស្ស​គឺជា​អុកស៊ីសែន ។

៨​ អុកស៊ីសែន​កក​នៅ​សីតុណ្ហភាព -២២២,៦៥ អង្សាសេ ។

៩ គេ​អាច​ទាញយក​អុកស៊ីសែនរាវ​ពីខ្យល់ធម្មជាតិ ។

១០​ អុកស៊ីសែន​ជាសារធាតុ​ដែល​សំបូរ​ជាងគេ​លំដាប់​លេខ ៣ នៅក្នុង​ចក្រវាឡ​បន្ទាប់ពី​ធាតុ អ៊ីដ្រូសែន និង ហេល្យូម ។

ស្វែងយល់​ការពិត​ចម្លែកៗ ១០ យ៉ាង​អំពី​គីមីវិទ្យា


គីមីវិទ្យា​ជាវិទ្យាសាស្រ្ត​មួយដ៏​គូរឲ្យចាប់​អារម្មណ៍​ដែលពោរពេញ​ទៅដោយ​ភាព​មិន​ប្រក្រតីជា​ច្រើន ។ ខាងក្រោមនេះ​ជាការពិត និង ការទាក់ទាញ​ចិត្តដ៏​ចម្លែក​​មួយ​ចំនួន​អំពី​គីមីវិទ្យា ៖

១ សារធាតុគីមី​តែ​ពីរ​ប៉ុណ្ណោះដែល​មានលក្ខណៈរាវ​នៅសីតុណ្ហភាព​បន្ទប់ (២៥ អង្សាសេ) គឺ ប្រូម និង បារ៉ត ។

២ ខុសពី​វត្ថុធាតុ​ផ្សេងៗ ទឹក​រីក​មាឌ​នៅពេល​វា​កក ។ ដុំ​ទឹក​កកត្រូវការ​មាឌប្រមាណ​ ៩% បន្ថែម​លើមាឌ​ដែលប្រើសម្រាប់​ផ្ទុកទឹក ។

៣ បើ​អ្នក​ចាក់​អំបិលមួយ​ស្លាបព្រាបាយ​​ទៅក្នុងកែវ​ដែលមាន​ទឹក​ពេញ កំរិត​ទឹក​នៅក្នុង​កែវមិន​កើនឡើង​ទេ ប៉ុន្តែ​បែរ​ទៅជា​ស្រកទៅវិញ ។

៤ ជាមធ្យម​នៅក្នុង​រាងកាយ​មនុស្សពេញវ័ញ​ម្នាក់មាន​ផ្ទុក​សារធាតុ​អំបិល​ (NaCl) ប្រមាណ ២៥០ ក្រាម ។

៥ សារធាតុមួយ​អាច​មាន​ទម្រង់​ជាច្រើន​និង ខុសគ្នាស្រលះ ។ ឧទាហរណ៍ ពេជ្រ និង ក្រាហ្វីត (បណ្តូលខ្មៅដៃ) ផ្សំពី​ធាតុ​កាបូន​សុទ្ធ​ដូចគ្នា ។

៦ ឈ្មោះតាម​លក្ខណៈ​គីមីរបស់​ទឹក (H2O) គេហៅថា ឌីអ៊ីដ្រូសែន ម៉ូណូអុកស៊ីត ។

៧ តួអក្សរ​ឡាតាំងតែមួយ​គត់​ដែលមិនមាន​នៅក្នុង​តារាង​គីមីគឺ​តួអក្សរ “J” ។

៨ រន្ទះ​បាញ់​បង្កើត​បាន​អូហ្សូន (O3) ដែលវា​បានចូល​រួម​ចំនែក​ដល់ការ​ពង្រឹង​ស្រទាប់​អូហ្សូន ។

៩ មាស និង ទង់ដែងជា​លោហៈ​តែ​ពីរ​ប៉ុណ្ណោះ​ដែលមិនមែន​ជាលោហៈ​ដែលមានពណ៌​ប្រាក់ ។

១០ ទោះបី​អុកស៊ីសែន​គ្មានពណ៌​នៅពេល​វា​ជា​ឧស្ម័នក៏ដោយ ប៉ុន្តែ​នៅក្នុង​សភាព​រាវ និង រឹង​ អុកស៊ីសែន​មានពណ៌ខៀវ​ខ្ចី ។

សុភាសិត​ជំរុញ​គំនិត​ពី​មនុស្ស​ល្បីៗ​លើលោក (ភាគ ១)


១ អ្នក​នឹងអាច​ទទួល​បាន​អ្វីៗ​គ្រប់យ៉ាង​នៅពេល​ដែល​អ្នក​ហ៊ាន​លះបង់​ជំនឿ​ដែល​អ្នក​តែង​គិតថា​​អ្នកមិនអាច​ធ្វើ​បាន “Robert Anthony”​ ។

២ ភាពជោគជ័យ​មិនមែន​ជា​កូនសោ​រទៅរក​សុភមង្គល​ឡើយ ប៉ុន្តែ​សុភមង្គល​ជា​កូនសោរ​ទៅ​រក​ភាពជោគជ័យ ។ បើ​អ្នក​ស្រលាញ់​នូវអ្វី​ដែល​អ្នក​កំពុង​ធ្វើ​នោះ​អ្នក​នឹង​ទទួល​បាន​ភាពជោគជ័យ​ជាមិន​ខាន់ “Albert Schweitzer” ។

៣ អ្វីៗ​ដែល​អ្នក​អាច​រាប់បាន​កុំរាប់​ រីឯ​អ្វីៗ​​ដែលអ្នក​មិនអាច​រាប់​បាន​អ្នក​ត្រូវ​តែរាប់ “Albert Einstein” ។

៤ អ្នក​ដែល​មិន​អាច​ផ្លាស់ប្តូរ​គំនិតខ្លួន​ឯង​បានគឺមិន​អាច​ផ្លាស់ប្តូរ​អ្វីៗ​បាន​ទាំង​អស់ “George Bernade Shaw” ។

៥ ការបរាជ័យ​ជាច្រើន​របស់​មនុស្ស​កើតឡើង​ដោយសារ​តែ​គេ​មិន​បានដឹង​ថា​ភាពជោគជ័យ​របស់​​គេ​ខ្វះ​តែ​បន្តិចប៉ុណ្ណោះ ប៉ុន្តែ​គេ​បែរជាទទួល​យក​ការ​ចុះចាញ់​មុន​ទៅ​វិញ “Thomas Edison” ។

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: