កំសាន្តគណិតវិទ្យា

តើកិច្ចការក្នុងជីវភាព​ប្រចាំថ្ងៃអ្វីខ្លះ​ដែលត្រូវការ​គណិត?

មានសិស្ស​មិន​តិច​ទេ​ដែល​គិត​ថា មុខវិជ្ជា​គណិត​វិទ្យាគឺជា​មុខ​វិជ្ជា​ដែល​ពិបាក និងគួរ​ឲ្យ​​ធុញទ្រាន់។ មិន​តែ​ប៉ុណ្ណោះ មាន​សិស្ស​ខ្លះ​តែង​យល់​ថា ពួកគេ​នឹង​គ្មាន​ឱកាស នឹង ប្រើប្រាស់​មុខវិជ្ជា​ដ៏ពិបាកនេះ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​គេ​ឡើយ។ អ្វីដែលគួរឲ្យ​សោកស្តាយ​នោះ កម្មវិធីសិក្សា​មិនបាន​ធ្វើការពិភាក្សា និង​បង្រៀន​សិស្សថា គណិត​វិទ្យាមាន​ទំនាក់ទំនងនឹង​ជីវភាពរស់​នៅ​ប្រចាំ​ថ្ងៃនោះឡើយ។ នេះគឺជា​កត្តា​មួយ​ក្នុង​ចំណោមកត្តាជាច្រើន​ ដែលធ្វើ​ឲ្យ​សិស្ស​ធុញទ្រាន់ និងមិនចូលចិត្ត​រៀន​គណិត​វិទ្យា ដោយសារ​តែ​ពួកគេ​មិន​ទាន់​យល់ច្បាស់​ពីសារៈសំខាន់​នៃមុខវិជ្ជានេះ ក្នុងជីវភាពប្រចាំថ្ងៃ។ តើគណិត មាន​ភាពចាំបាច់ក្នុង​ជីវភាពប្រចាំ​ថ្ងៃយ៉ាង​ម៉េចទៅ? បើចង់​ដឹងនោះ សូម​មកតាមដាន​ជាមួយ”គំនិត”ទាំងអស់​គ្នា!

ការ​គ្រប់គ្រង​ប្រាក់កាស

អ្នកទាំងអស់គ្នាប្រាកដជា​ធ្លាប់ធ្វើការ​ទិញដូរ​ ឬធ្វើការ​វិនិយោគទៅលើអ្វីមួយ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ។ កិច្ចការ​ទាំង​នេះ គឺត្រូវ​ការ​​គណិត​វិទ្យា​ជា​ចាំបាច់។ ទោះបីជាអ្នកធ្វើការទិញដូររបស់តូចតាចក៏ដោយ ក៏អ្នកត្រូវ​តែប្រើប្រាស់​គណិតវិទ្យាដើម្បីធ្វើជាជំនួយ​ដែរ ដូចជាការធ្វើប្រមាណវិធីបូកដកជាដើម។ បើពុំនោះទេ អ្នកប្រាកដជាមិនដឹង​ថា​តើ​អ្នក​ត្រូវ​ប្រគល់​លុយ​ឲ្យគេ​ប៉ុន្មាន ឬក៏ត្រូវ​ទទួលលុយអាប់​វិញ​ប៉ុន្មាន​នោះទេ។

កិច្ច​ការ​ដែលទាក់​ទង​ទៅនឹង​លុយកាក់​កាន់តែស្មុគស្មាញ នឹង​តម្រូវ​ឲ្យ​អ្ន​ក​ចេះ​គណិត​វិទ្យា​កាន់​តែជ្រៅ។ ប្រសិនបើអ្នកចង់ធ្វើការវិនិយោគ អ្នកប្រាកដជាត្រូវការគណិត​ដើម្បីធ្វើការគណនាដើម្បីឲ្យបាន​ដឹង​ថា តើអ្នកអាចនឹងទទួល​ផលចំណេញ​ប៉ុន្មាន​ពីការវិនិយោគនោះ។ ប្រសិនបើអ្នក​មិនសូវពូកែ​ផ្នែកគណិតដើម្បីធ្វើការ​គណនា​ចំណូលចំណាយនោះទេ អ្នក​នឹង​ប្រឈម​មុខ​នឹងបញ្ហាក្នុង​ការ​ប្រើប្រាស់​ប្រាក់កាស​ឲ្យបាន​ល្អ និង​ឲ្យ​ចំគោលដៅ។

ការគ្រប់គ្រងពេលវេលា

គណិតវិទ្យាគឺមានសារៈសំខាន់ណាស់​ក្នុង​ការ​រៀបចំគម្រោង​ប្រចាំថ្ងៃ។ នៅពេលដែលអ្នកភ្ញាក់ពីដំណេកនាពេលព្រឹកព្រលឹម និង​ធ្វើការ​រៀបចំខ្លួនប្រាណ​សម្រាប់​ទៅសាលារៀន​ឬទៅធ្វើការនោះ អ្នក​នឹង​ប្រើប្រាស់គណិតក្នុង​ការ​គណនា​ថា​តើ​អ្នកអាចឈរតែងខ្លួន​នៅមុខ​កញ្ចក់បានប៉ុន្មាន​នាទី ឬក៏អាច​​អង្គុយ​ញ៉ាំអាហារ​បានរយៈពេល​ប៉ុន្មាន? នៅពេលដែលអ្នកត្រឡប់​មកដល់​ផ្ទះវិញ អ្នកនឹងត្រូវ​ប្រើគណិត​ដើម្បីធ្វើការគណនា​ថាតើអ្នកមាន​ពេលទំនេរ​ប៉ុន្មាន​បន្ទាប់​ពី​ការ​ញ៉ាំអាហារហើយ ហើយមាន​រយៈពេល​ប៉ុន្មាន​ដើម្បីធ្វើអ្វីផ្សេងៗ​ទៀត?​ ដោយសារ​តែ​សកម្មភាពនេះ​គឺប្រព្រឹត្តទៅ​ក្នុងជីវភាព​ប្រចាំថ្ងៃ​របស់អ្នកស្ទើរតែរាល់ថ្ងៃ អ្នក​អាចនឹងភ្លេចថា​អ្នក​កំពុង​តែ​ប្រើប្រាស់គណិតវិទ្យា​គ្រប់​ពេលវេលា​ទាំងអស់។

ការចំអិនម្ហូប

អ្នក​មិនអាច​ចូលទៅក្នុង​ចង្ក្រាន​ធ្វើម្ហូប​ដោយ​មិនមាន​ចំណេះដឹង​ខ្លះៗ​ផ្នែក​គណិត​វិទ្យា​នោះទេ។ អ្នក​ត្រូវតែប្រើប្រាស់​គណិត​ក្នុង​ការ​ប៉ាន់​ស្មាន​ថា​តើគួរ​ដាក់​គ្រឿង​ប៉ុន្មាន តើត្រូវប្រើ​ឆ្នាំង​ទំហំ​ណា​ដើម្បី​អោយ​ល្មម​នឹង​មុខម្ហូប និងទំហំ​សមាជិក​គ្រួសារ​របស់អ្នក។ នៅពេលខ្លះ កិច្ចការចំអិនម្ហូប​តម្រូវឲ្យ​ប្រើប្រាស់​គណិត​ដែលមាន​ភាព​ស្មុគស្មាញថែមទៀត​ផង។

ការ​សាងសង់​ និង​ជួសជុលផ្ទះ

នៅរាល់ពេលដែលអ្នកធ្វើការ​សង់ផ្ទះ ឬ​ក៏ជួសជុល​នោះ អ្នកចៀសមិន​ផុត​ពីការ​ប្រើប្រាស់​គណិត​វិទ្យា​នោះទេ។ ឧទាហរណ៍ ប្រសិន​បើអ្នកចង់​ទិញ​គ្រែ តុ ទូ​ និង​វត្ថុ​ផ្សេងៗទៀត​ដើម្បីដាក់​ក្នុង​បន្ទប់​គេង​នោះ អ្នក​នឹង​ប្រើប្រាស់គណិត​ក្នុងការ​គណនា​ទំហំ​របស់​វត្ថុ​នីមួយៗ​ដើម្បី​ឲ្យ​ស័ក្តសម​និង​ទំហំបន្ទប់របស់អ្នក។ ប្រសិនបើអ្នក​មិនចេះ​មូលដ្ឋានគ្រឹះគណិតវិទ្យា​ទេនោះ អ្នក​នឹងបរាជ័យ​ក្នុង​ការ​សាងសង់ផ្ទះ និង​ការ​ជួសជុល​ផ្ទះ ឬក៏​នឹងត្រូវចំណាយច្រើនលើស​ពីតម្រូការ។

ខាង​លើនេះគ្រាន់តែជា​ឧទាហរណ៍ខ្លះៗ​ប៉ុណ្ណោះ នៅ​មាន​កិច្ចការជាច្រើនទៀត​ដែលទាមទារ​ឲ្យ​អ្នកចេះគណិត​វិទ្យា​ដើម្បី​ធ្វើកិច្ច​ការនោះ​បាន។ ហេតុ​ដូចនេះ​ហើយ គណិត​វិទ្យា​ពិតជា​សំខាន់​ណាស់​ក្នុង​ជីវិតប្រចាំថ្ងៃរបស់យើង។

វេទមន្ត​គណិត​៖ ទាយ​ចំនួន​បង​ប្អូន​តាម​គណិត​វិទ្យា

ថ្ងៃ​នេះ ខ្ញុំ​សូមណែនាំពី​វិធីងាយ​ស្រួល​មួយ​ដោយ​ប្រើប្រាស់​វេទមន្ត​គណិត​វិទ្យា​ដើម្បីទាយ​ចំនួន​បង​ប្អូនប្រុស​ស្រី។ វិធី​នេះខ្ញុំ​បាន​ប្រើប្រាស់​ កាល​ពី​​ខ្ញុំ​រៀន​ថ្នាក់​ទី​១២ ហើយ​ក៏​បាន​យក​មក​លេង​ពេល​សាលា​ខ្ញុំ​តាំង​ពិពណ៌​វិទ្យា​សាស្រ្ត​ផង​ដែរ គឺ​ថា​សប្បាយ​លេង​ណាស់ ម្នាក់​ៗ​គេ​ឆ្ងល់​គ្រប់ៗ​គ្នា​ ហើយ​ពេល​នោះ គឺមិន​មាន​នរណា​បំបែក​ក្បួន​គ្រូទាយ​បាន​ទេ។ ថ្ងៃ​នេះ​ខ្ញុំ​សូម​ប្រាប់​ពី​ជំហ៊ាន​ និង​ការបំបែក​ក្បួន​គ្រូទាយ​នេះ​ ជូ​ន​ទាំង​អស់​គ្នា​ជា​ការ​កម្សាន្ត:)។

ជំហ៊ាន​ទី១៖ យក​ចំនួន​បងប្អូន​ប្រុស​របស់​អ្នក គុណនឹង ២

ជំហ៊ាន​ទី២៖ បន្ទាប់​មក​យកបូក​នឹង​ ៥

ជំហ៊ាន​ទី៣៖ បន្ទាប់​មក​ទៀតយកគុណនឹង​ ៥

ជំហ៊ាន​ទី៤៖ បន្ទាប់​មក​ទៀតយក​បូក​នឹង​ ចំនួន​បង​ប្អូន​ស្រី​របស់​អ្នក

ជំហ៊ាន​ទី៥៖ រូច​ហើយយកគុណ​នឹង​ ១០

ពេល​នេះ​ដល់​ពេល​ដែល​ខ្ញុំ​សួរ​លទ្ធផល​ហើយ បើ​សិន​ជា​អ្នក​ឆ្លើយ​ថា ៤៦០ នោះ ខ្ញុំ​នឹង​ឆ្លើយ​ភ្លាម​ថា​អ្នក​មាន​បង​ប្អូន​ប្រុស​ ២​និង​ស្រី​ ១។ ពេល​នេះ​សាក​ផ្ទៀង​ផ្ទាត់​សាក​មើល!

២*២=៤+៥=៩*៥=៤៥+១=៤៦*១០=៤៦០

ដើម្បី​ដឹង​ថាមាន​បង​ប្អូន​ប្រុស​ស្រី​ចំនួន​ប៉ុន្មាន គឺយើង​យក​លទ្ធផល​ដែល​ទទួល​បាន​ដក នឹង​២៥០

៤៦០-២៥០=២១០ ដូច្នេះខ្ទង់​ទី១​ ជាចំនួន​បងប្អូន​ប្រុស និង​ខ្ទង់​ទី​២ជា​ចំនួន​បង​ប្អូន​ស្រី

ពេល​នេះ​ដល់​ពេល​ដែលយើង​បំបែក​ក្បួន​ម្តងហើយ! ហេតុ​បាន​ជាយើង​ដឹង​ថា​ត្រូវ​ដកនឹង​២៥០ ដើម្បី​ឃើញចម្លើយ​នោះ។ តាម​ពិត​គឺ​យើង​ដោះ​ស្រាយ​តាមពិជគណិត​តែ​ប៉ុណ្ណោះ៖

តាង​ ចំនួនបងប្អូន​ប្រុស​នឹង ក ហើយ​ចំនួន​បង​ស្រី​នឹង​ ខ និង​លទ្ធផល​ចុង​ក្រោយ​ដែល​ទទួល​បាន​នឹង​ គ

ក*២=២ក

២ក+៥=២ក+៥

(២ក+៥)*៥=១០ក+២៥

១០ក+២៥+ខ=១០ក+២៥+ខ

(១០ក+២៥+ខ)*១០=១០០ក+២៥០+១០ខ

១០០ក+២៥០+១០ខ=គ

១០០ក+១០ខ=គ-២៥០

ឃើញទេមូល​ហេតុដែលយើង​ដក​នឹង​ ២៥០​គឺ​ដោយ​សារ​តែ​សមី​ការ​នេះ​ឯង។

សង្ឃឹម​ថា​អ្នក​នឹង​បាន​សប្បាយ​ដោយប្រើ​វិធីទស្សទាយចំនួន​បងប្អូន​ លេង​ជាមួយ​មិត្ត​ភក្តិ និង​បង​ប្អូន។:D

គណិតវិទ្យារីករាយ៖ គុណលេខគ្រប់ចំនួននឹង១១ ដោយប្រើរយៈពេលតិចជាង៦វិនាទី


អ្នក​ប្រហែល​ជាមិន​ជឿ​ទេ​ថា​ យើង​អាច​គុណ​លេខ​គ្រប់​ចំនួន​នឹង​១១ ដោយ​ប្រើ​រយៈ​ពេល​តិច​ជាង​៦វិនាទី​នោះ។ ប៉ុន្តែ បន្ទាប់​ពី​អ្នក​បាន​អាន​អត្ថបទ​នេះ​ហើយ អ្នក​នឹង​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​អ្នក​នឹង​មិន​ត្រូវ​ការ​ម៉ាស៊ីន​គិត​លេខ​ដើម្បី​គណនា​វា​ទៀត​នោះ​ទេ គឺ អ្នក​អាច​ប្រើ​ខួរ​ក្បាល​របស់​អ្នកគិត​លេខ​បាន​យ៉ាង​រហ័ស។

មុន​នឹង​ឈាន​ទៅ​ប្រាប់​វិធី​ដ៏ពិសេស​នេះ សូម​អ្នក​ធ្វើ​ការ​គណនា​លេខ​: ២៣៤២២ x ១១ ដោយ​មិន​ប្រើ​ម៉ាស៊ីន​គិត​លេខ។ តើ​អ្នក​ចំណាយ​អស់​រយៈពេល​ប៉ុន្មាន?​ ប្រសិន​បើ​អ្នក​ធ្វើ​ការ​គណនា​តាមរបៀប​ដែលរៀន​ពីសាលាដូច​រូប​ខាង​ក្រោម​នោះ អ្នក​នឹងចំណាយ​ពេល​ច្រើន​គួរសម​ដើម្បី​ទទួលបាន​ចម្លើយ។

វិធី​ដែល​គំនិត​បង្ហាញ​នៅថ្ងៃ​នេះ គឺជា​វិធីផ្លូវ​កាត់​ ដែល​ធ្វើ​អោយ​អ្នក​អាច​គណនា​លេខ​គ្រប់​ចំនួន​ដែល​គុណនឹង​១១ ដោយ​ចំណាយ​ពេល​តិច​ជាង​៦​វិនាទី​ប៉ុណ្ណោះ។ តើអាច​ទៅ​រួច​ទេ? ប្រាកដជា​អាច! ឧទាហរណ៍ យើងនឹង​ធ្វើ​ការ​គុណ​នូវ​ចំនួន​ខាង​លើគឺ ២៣៤២២ x ១១៖

– រក្សា​ចំនួន​ខ្ទង់​ទី​មួយ និងចំនួន​ចុង​បញ្ចប់​(២៣៤២២) អោយ​នៅ​ដដែល គឺ​២xxxx២ ។

-យើង​នឹងធ្វើ​ការ​បំពេញ​លេខ​ដែល​នូវ​ចន្លោះ​លេខ​២ទាំង​ពីរ​នេះ

– ចន្លោះ​ទី១(បន្ទាប់ពីលេខ​២) យើង​យក​ចំនួន​ខ្ទង់​ទី១ មក​បូក​នឹង​ចំនួន​ខ្ទង់​បន្ទាប់ (២៣៤២២ គឺ​យក​ពី​២+៣=៥) ដូច្នេះ​យើង​បាន​ ២៥ xxx២។

-បន្ទាប់​មក យក​អនុវត្ត​ដូច​វិធី​ខាងលើ ដោយ​គ្រាន់​តែ​រម្កិល​មួយ​ខ្ទង់​ទៅ​មុខ (២៣៤២២ គឺ​យក​៣+៤=៧)។ ដូច្នេះ​យើង​បាន ២៥៧xx២។ ធ្វើ​ដូច​នេះ​រហូត​ដល់​ខ្ទង់​ចុង​ក្រោយ។ សូម​មើលរូប​ខាងក្រោម​ដើម្បី​បង្កើន​ការ​យល់​ដឹង​កាន់តែ​ច្បាស់។

-លទ្ធផល​ចុង​ក្រោយ​យើង​នឹង​ទទួលបាន ២៥៧៦៤២។

ខាងក្រោមនេះ គឺជា​ ឧទាហរណ៍​មួយ​ទៀត​ដើម្បី​អោយ​អ្នក​យល់​កាន់តែ​ច្បាស់​ពី​វិធី​គណនា៖

គណិតវិទ្យា​រីករាយ: ទស្សន៍ទាយ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត

តើ​អ្នក​ចង់​ក្លាយ​ជាអ្នក​ទាយ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ដោយ​ប្រើ​គណិត​វិទ្យា​ជា​មធ្យោបាយ​ដែរ​ឬទេ?​ តើអ្នកចង់​អោយ​មិត្ត​ភក្តិ​ និង​ក្រុម​គ្រួសារ​របស់​អ្នក​ភ្ញាក់​ផ្អើល​ដែរ​ឬ​ទេ ថា​អ្នក​អាច​ទាយ​ដឹង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​ពួក​គេ​ដោយ​គ្រាន់​តែ​ប្រើ​គណិត​វិទ្យា​? ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ដែល​អ្នក​អាច​យក​ទៅ​សាកល្បង​​ដើម្បី​ភាព​ភ្ញាក់​ផ្អើល​ និង​សប្បាយរីករាយ។ ជំហ៊ាន​ខាង​ក្រោម​នេះ អ្នក​ត្រូវ​អោយ​មិត្ត​ ឬក្រុម​គ្រួសារ​របស់អ្នក​​​អនុវត្ត ដោយ​អ្នក​ប្រាប់​គេ​អោយ​ធ្វើ​តាម​ជា​ជំហ៊ានៗ។ អ្នក​គួរ​តែ​មាន​ម៉ាស៊ីន​គិត​លេខ​មួយ​ដើម្បី​ធ្វើ​ជា​ជំនួយ ពី​ព្រោះថា​លេខ​ខាង​ក្រោម​នេះ គឺ​មាន​ច្រើន​ខ្ទង់​បន្តិច។

ជំហ៊ាន​ទី១៖ យក​ចំនួន​ខែកំណើត​បូក​នឹង​១៨ (១-១២)

ជំហ៊ាន​ទី២៖ បន្ទាប់​មក​គុណ​នឹង​២៥

ជំហ៊ាន​ទី៣៖ យក​លទ្ធផល​ខាង​លើ​ដក​នឹង ៣៣៣

ជំហ៊ាន​ទី៤៖ ហើយ​គុណ​នឹង​៨

ជំហ៊ាន​ទី៥៖ រួច​យក​លទ្ធផល​ដែល​ទទួល​បាន​ដក​នឹង​៥៥៤

ជំហ៊ាន​ទី៦៖ ហើយ​ចែក​នឹង​២

ជំហ៊ានទី​៧៖ បូក​នឹង​ថ្ងៃ​កំណើត​របស់​អ្នក (១-៣១)

ជំហ៊ាន​ទី៨៖ ហើយ​គុណ​នឹង​៥

ជំហ៊ាន​ទី៩៖ បូក​នឹង​៦៩២

ជំហ៊ាន​ទី១០៖ គុណ​នឹង​២០

ជំហ៊ាន​ទី១១៖ បូក​នឹង​ឆ្នាំ​កំណើត​របស់​អ្នក​ដោយ​កាត់​យក​លេខ​ចុង​ក្រោយ​២​ខ្ទង់​ (ឧ. ១៩៨៩គឺ​យក​៨៩)

បន្ទាប់​ពី​ធ្វើ​ការ​គណនា​ទាំង​១១​ជំហ៊ាន​ខាង​លើ​ហើយ អ្នក​ត្រូវ​សួរ​ទៅ​គូរ​ភាគី​ដែល​អ្នក​កំពុង​តែ​ធ្វើ​ការ​ទស្សន៍​ទាយអោយ​ប្រាប់​នូវ​លទ្ធផល​ចុង​ក្រោយ​របស់​គេ។ បន្ទាប់​ពី​អ្នក​ដឹង​លទ្ធ​ផល​ចុង​ក្រោយហើយ អ្នក​ត្រូវ​យក​លទ្ធ​ផល​ចុង​ក្រោយ​នោះ ទៅ​ដក​នឹង​៣២៩៤០ ដើម្បី​ទទួល​បាន​នូវ​ចម្លើយ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​គេនោះ។

ឧទាហរណ៖ ចម្លើយ​ដែល​អ្នក​ទទួល​បាន​បន្ទាប់​ពី​ធ្វើ​ការ​ដក​នឹង​៣២៩៤០ ហើយ​នោះ គឺ១១២៨​៩០។ នោះ​មាន​ន័យ​ថា មនុស្ស​ដែល​អ្នកកំពុង​តែ​ទាយ​នោះ​កើត​នៅ​ខែវិច្ឆិកា ថ្ងៃ​ទី២៨​​ ឆ្នាំ​១៩៩០។ ប្រសិន​បើ​ចម្លើយ​មិន​ត្រឹម​ត្រូវទេ​នោះ អ្នកឬ​ភាគីដែល​អ្នកធ្វើ​ការ​ទាយ​ អនុវត្ត​មិន​បាន​ត្រឹម​ត្រូវ​ពេញ​លេញ​ទៅ​តាម​ជំហ៊ាន​ខាង​លើ ឬ​មួយ​ក៏​គេ​កុហក​អ្នក។

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: